សង្គម

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ជួបអនុរដ្ឋមន្រ្តីពាណិជ្ជកម្មរុស្សី ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

image


ឌុយបៃ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។


ក្នុងជំនួប រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាព កិច្ចសហប្រតិបត្តិការល្អ ព្រមទាំងជំនួយឧបត្ថម្ភគាំទ្រនានាដែលសហព័ន្ធរុស្ស៊ី បានផ្ដល់ជូនកម្ពុជាកន្លងមក ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសហព័ន្ធរុស្ស៊ី។


លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការចរចាបើកច្រកទីផ្សារថ្មីៗក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលកម្ពុជា សម្រេចបាននាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម ។

លោករដ្ឋមន្រ្តី បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស បានប្រមាណ ៩០ភាគរយ ដែលជាកត្តាជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមដំណើរការសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងបើកប្រទេសឡើងវិញ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ សំដៅស្តារសកម្មភាពសេដ្ឋកិច្ចទ្បើងវិញ ក្រោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានសំណូមពរឱ្យធុរជន និងអ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី មកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន ដូចជាវិស័យផលិតយានយន្តកសិកម្ម វិស័យផលិត និងកែច្នៃម្ហូបអាហារ វិស័យដឹកជញ្ជូននិងភស្តុភារ វិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងវិស័យផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើម។ លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យភាគីរុស្ស៊ី ជួយជំរុញការចរចាបញ្ចប់ឱ្យបានឆាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) នាពេលខាងមុខ ផងដែរ។

ជាការឆ្លើយតប លោកអនុរដ្ឋមន្រ្តីរុស្ស៊ី បានទទួលយកសំណើររបស់លោករដ្ឋមន្រ្តីកម្ពុជា ដោយសន្យាថា នឹងពាំនាំយកសំណើរបស់កម្ពុជាទៅ ផ្សព្វផ្សាយជូនធុរជន អ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី ដើម្បីមកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

លោកអនុរដ្ឋមន្រ្តី បន្តថា ភាគីរុស្ស៊ី នឹងបន្តធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន ដោយស្នើឱ្យវិស័យពាក់ព័ន្ធនានា ដូចជាវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស័យផលិតយានយន្តកសិកម្ម វិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវិស័យអប់រំ ជាដើម ធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋមន្រ្តី ក៏បានសម្ដែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានកោតសរសើពីពន្លាជាតិកម្ពុជា ដែលបានរៀបចំឡើងប្រកបដោយភាពទាក់ទាញ ដោយបានបង្ហាញពីប្រពៃណី វប្បធម៌ដ៏ល្អផូរផង់ និងយូរអង្វែងរបស់កម្ពុជា។

ជាមួយគ្នានេះ លោកអនុរដ្ឋមន្រ្តី បានសំណូមពរឱ្យមានទំនាក់ទំនងគ្នាដោយផ្ទាល់រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យមានកំណើនប្រកបដោយចីរភាព ដើម្បីជាផលប្រយោជន៍របស់ប្រជាជនទាំងពីរប្រទេស។ លោកអនុរដ្ឋមន្រ្តី ក៏បានអញ្ជើញរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនៈកិច្ចនៅសហព័ន្ធរុស្ស៊ី នាពេលវេលាសមស្របនាពេលខាងមុខ ផងដែរ។

ជាការឆ្លើយតប រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានទទួលយកសំណើរទៅទស្សនៈកិច្ចនៅសហព័ន្ធរុស្សី នាពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យសម្រេចបានលទ្ធផលល្អ និងទទួលបានផ្លែផ្កាតាមការរំពឹងទុក៕