ព័ត៌មានអន្តរជាតិ

អាជ្ញាធរឥណ្ឌាស៊ើបអង្កេតលើជនចំណាកស្រុកខុសច្បាប់ បន្ទាប់ពីមានសោកនាដកម្មនៅក្បែរព្រំដែនកាណាដា

image

ឥណ្ឌា៖ ក្រុមមន្ត្រីឥណ្ឌាបាននិយាយប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុកនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នំា២០២២នេះថា នគរបាលឥណ្ឌាបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ នៅក្នុងសកម្មភាពបង្រ្កាបទៅលើសម្បុកជនចំណាកស្រុកខុសច្បាប់ដែលកំពុងតែរស់នៅក្នុងប្រទេសឥណ្ឌាមួយកន្លែង។
ការចាប់ផ្តើមបង្ក្រាបទៅលើជនចំណាកស្រុកខុសច្បាប់នេះ បានកើតមានឡើងបន្ទាប់ពីពលរដ្ឋឥណ្ឌាចំនួន៤នាក់ត្រូវគេរកឃើញថាបានស្លាប់រហូតដល់កកសាកសពនៅក្បែរព្រំដែនរវាងសហរដ្ឋអាម៉េរិក និងប្រទេសកាណាដាកាលពីសប្តាហ៍កន្លងទៅ។
មានប្រជាពលរដ្ឋឥណ្ឌាចំណាកស្រុករាប់រយនាក់ ក្នុងនោះភាគច្រើនពួកគេមកពីរដ្ឋប៉ាន់ចាប និងរដ្ឋហ្គោចារ៉ាត់ស្ថិតនៅភាគខាងលិចប្រទេសដើម្បីធ្វើដំណើរឆ្លងកាត់រវាងប្រទេសកាណាដា និងសហរដ្ឋអាម៉េរិកក្នុងមួយឆ្នំាៗ ដើម្បីស្វះស្វែងរកកំរិតជីវភាពឱ្យកាន់តែល្អប្រសើរឡើង ហើយពួកគេជួបប្រទះនូវបញ្ហាអាកាសធាតុត្រជាក់ខ្លំាងជាពិសេសចន្លោះព្រំដែនរវាងកាណាដា និងសហរដ្ឋអាម៉េរិក។
កងនគរបាលនៅរដ្ឋហ្គោចារ៉ាត់បាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណកម្មចំពោះសាកសពមនុស្ស៤នាក់នោះហើយ គឺគេមកពីក្រុមគ្រួសារតែមួយជាមួយគ្នា ដែលបានធ្វើដំណើរឆ្លងកាត់ទៅកាន់សហរដ្ឋអាម៉េរិកដើម្បីរកការងារធ្វើ។
នគរបាលនៅរដ្ឋហ្គោចារ៉ាត់ដដែលបានថ្លែងប្រាប់ដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុកបន្តទៀតថា យើងកំពុងតែតាមប្រម៉ាញ់រកអ្នកជនដូរមនុស្ស និងរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ ។ ដោយឡែកមនុស្ស៦នាក់ដែលចាប់ខ្លួនបាននេះ គឺត្រូវបានគេជួញដូរតាមរូបភាពធ្វើជាអ្នកដំណើរទេសចរតាមរយៈក្រុមហ៊ុនទេសចរណ៍ក្នុងរដ្ឋហ្គោចារ៉ាត់៕


ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters