ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបទេសកម្ពុជា និងទីម័រ ប្រជុំចង្អៀត ពិភាក្សាលើកិច្ចការសំខាន់ៗជាច្រើន

image

ភ្នំពេញ៖ លោកប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានប្រជុំចង្អៀតជាមួយលោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅទីស្តីការក្រសួងការបរទេស មុនចាប់ផ្តើមកិច្ចប្រជុំផ្លូវការ ដែលប្រជុំទ្វេភាគី។
សូមបញ្ជាក់ថា៖ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរា ជាណាចក្រកម្ពុជា លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរ ទីណា ហ្សាវី យេ រៃយ៍ ម៉ាកណូ មានការជួបសម្តែងការគួរ សមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំង សំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ផងដែរ។
លោកស្រីរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត នឹងមានជំនួបដាច់ឡែកឡែកពីគ្នាជាមួយឥស្សរជនកម្ពុជាមកពីវិស័យសាធារណៈ និងឯកជន ដទៃទៀតផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ មកកាន់កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីម័រខាងកើត ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហ- ប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕


ដោយ៖ វង សុភ័ក្ត្រ