សង្គម

អ្នកឧកញ៉ា គិត ម៉េង អញ្ជើញសម្ពោធ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាច្បារអំពៅ និងសាខាសែនសុខ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចកម្ពុជា

image


ភ្នំពេញ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal Bank) ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា នៅថ្ងៃទី ២៧ខែមករា ឆ្នាំ ២០២២នេះ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីចំនួន ពីរ ទីតាំង គឺ សាខាច្បារអំពៅ និងសាខាសែនសុខ ដែលស្ថិតនៅប៉ែកអាគ្នេយ៍ និងភាគខាងជើង នៃរាជធានីភ្នំពេញ នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាច្បារអំពៅ។

ពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមក្រោមអធិបតីភាពរបស់ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា តំណាងលោក ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា អមដោយសហការី លោក Karimata Atsushi ឧបទូត នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងសហការី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាដៃគូអាជីវកម្ម និងអតិថិជនរបស់ធនាគារផងដែរ។

ក្នុងឳកាសនេះលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានធ្វើការប្រគល់អាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារ នៃសាខាទាំងពីរ ជូនដល់ លោក Toru Myochin អគ្គនាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្រោមអធិបតីភាពរបស់លោក Karimata Atsushi ឧបទូត នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងសហការី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ក្នុងពិធីនេះថា ការបោះជំហ៊ានក្នុងការពង្រីកវិសាលភាពរបស់ធនាគារនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់ និងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជាការផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ល្អបំផុតសម្រាប់អតិថិជន ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់យើង ក្នុងការក្លាយទៅជា “ដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តបំផុត” នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃទំនុកចិត្តរបស់យើង ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

អ្នកឧកញ៉ាប្រធានបានសង្កត់ធ្ងន់ថា ការពង្រីកនេះនឹងឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ ក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៧% ទៅ ៨% ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីលើនេះផងដែរ អ្នកឧកញ៉ាប្រធាន បានបន្តទៀតថា ស្របទៅតាមការអនុវត្តគោលនបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើផ្នែកសង្គម-សេដ្ឋកិច្ចឌីជីថល ធនាគារបាន និងកំពុងធ្វើទំនើបកម្ម សេវាកម្មធនាគារតាមបែបឌីជីថល ដើម្បីជួយសម្រួលដល់ ការធ្វើប្រតិបត្តិការសេវាកម្មធនាគារសម្រាប់អតិថិជនបុគ្គល អតិថិជនអាជីវកម្ម និងសាជីវកម្មទាំងអស់ឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នេះ គឺជាការបញ្ជាក់អំពីការតាំងចិត្តខ្ពស់ និងការបង្ហាញនូវជំហរ ក៏ដូចជាការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការឆ្លើយតប ក៏ដូចជាអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរឡើង ក្នុងការបំពេញនូវតម្រូវការរបស់អតិថិជន តាមរយៈការជំរុញឱ្យប្រសើរឡើងទាំងផលិតផល និងសេវាកម្ម ដោយផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យា។ ការពង្រីកសាខានេះ គឺដើម្បីនាំយកផលិតផល និងសេវាកម្មធនាគារ មកកាន់តែជិតអតិថិជន បន្ថែមទៀត។

ថ្លែងក្នុងពិធីនេះដែរ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិ នៃកម្ពុជា បានក៏បានមានប្រសាសន៍ថា ការបើកដំណើរការសាខាច្បារអំពៅ និងសាខាសែនសុខ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក នាពេលនេះបង្ហាញពីសក្ខីភាព និងឆន្ទៈរបស់វិនិយោគិន ក្នុងការវិនិយោគរយៈពេលវែង និងឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើប្រព័ន្ធធនាគារ និងសេដ្ធកិច្ចនៅកម្ពុជា។ ប្រទេសកម្ពុជាយើងមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជាពិសេស យុទ្ធនាការ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺសកលកូវីដ-១៩ ទទួលបានជោគជ័យក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេច អគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកលោក Karimata Atsushi ឧបទូត នៃស្ថានទូតជប៉ុននៅកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា ការបើកសម្ពោធសាខាថ្មីទាំងពីររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងរួមចំណែកជួយដល់ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

សូមជម្រាបថា ធនាគារនៅតែបន្តផ្ដោតយកចិត្តទុកដាក់លើការផ្ដល់សេវាកម្មល្អឥតខ្ចោះ និងបទពិសោធន៍ធនាគារដ៏ល្អបំផុតសម្រាប់អតិថិជន ស្របទៅនឹងបាវចនាប្រតិបត្តិការរបស់ធនាគារគឺ “អតិថិជនជាចំបង” តាមរយៈការលើកកម្ពស់ផលិតផល និងសេវាកម្មទាំងអស់របស់ខ្លួននៅគ្រប់បណ្ដាញសាខាធនាគារទូទាំងប្រទេស ដើម្បីធានាថាធនាគារឆ្លើយតបនឹងវដ្តនៃតម្រូវការរបស់អតិថិជន។

ជាមួយនឹងចក្ខុវិស័យដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត សាខាថ្មីទាំងពីរនេះ មានការរចនាផ្នែកស្ថាបត្យកម្មយ៉ាងពិសេស។ ការរចនាថ្មីនេះ មិនត្រឹមតែបង្ហាញអត្តសញ្ញាញរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសកម្ពុជា ដោយមានរំលេចនូវក្បាច់ផ្កាចន្ទន៍ គួបផ្សំជាមួយវប្បធម៌របស់ប្រទេសជប៉ុន ដើម្បីតំណាងឱ្យភាពរីកចម្រើន និងភាពជោគជ័យរួមគ្នាជាមួយនឹងអតិថិជនរបស់ខ្លួននៅប្រទេសកម្ពុជា។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាច្បារអំពៅ និងសាខាសែនសុខ ផ្ដល់ជូននូវគ្រប់ប្រភេទសេវាកម្មធនាគារ សម្រាប់បំពេញតម្រូវការអតិថិជនគ្រប់ប្រភេទ រួមមានសេវាកម្មធនាគារប្រចាំថ្ងៃសម្រាប់បុគ្គល អាជីវកម្ម និងសាជីវកម្ម។ លើសពីនេះទៅទៀត បន្ទប់សេវាធនាគារអាទិភាព (Premier Lounge) នៅសាខាច្បារអំពៅ និងសាខាសែនសុខ ផ្តល់ជូននូវបរិយាកាសល្អបំផុត ជាមួយនឹងការរចនាផ្នែកខាងក្នុងដ៏លេចធ្លោ រួមទាំងប្រធានផ្នែកទំនាក់ទំនងដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីផ្ដល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងផ្ដល់ជូននូវបទពិសោធន៍សេវាកម្មពិសេសជូនសមាជិក Premier របស់ខ្លួន។

គួររំលឹកផងដែរថា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០នាក់ ជាមួយសាខាចំនួន ១៦ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុន្នី និងអ៊ុត ផាណាត់