ព័ត៌មានជាតិ

ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុម ប្រឹក្សាធម្មនុញ្ញប សម្រេចច្រានចោលបណ្ដឹងតវ៉ារបស់ឈ្មោះ ដួង វិចិត្រ ជាដើមប្តឹងផ្ទាល់ ទាក់ទងនិងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១

image

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២២ នៅអគារ "ស" វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើក សវនាការជំនុំជម្រះជាសាធារណៈ ដែលមានលោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹងតវ៉ានឹងសេចក្ដី សម្រេចលេខ ០០១ គ.ជ.ប ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២១ ។
ដោយដើមបណ្ដឹងអវត្តមាននាពេលសវនា ការដោយគ្មានមូលហេតុ ក្រុមប្រឹក្សាជំនុំ ជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា ការមិនចូលរួមក្នុងសវនាការរបស់ក្រុម ប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដោយគ្មានមូលហេតុ ត្រូវចាត់ទុកថា ជាការបង្ហាញឆន្ទៈបោះបង់បណ្តឹងចោល ដូចនេះក្រុម ប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ មិនលើកបណ្តឹងមកពិនិត្យឡើយ។
ជាលទ្ធផល ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុម ប្រឹក្សាធម្មនុញ្ញបានសម្រេចច្រានចោលបណ្ដឹងចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ របស់ឈ្មោះ ដួង វិចិត្រ ជាដើមប្តឹងផ្ទាល់ និងជាអ្នកតំណាងទទួលសិទ្ធិពីឈ្មោះ អ៊ុន សុគន្ធី ឈ្មោះ ដួង ចិន្តាមុនី ឈ្មោះ ដួង វិរៈ និងឈ្មោះ ដួង វិសាល។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាព អនុវត្ដទៅលើអំណាចទាំង អស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច៕
ដោយ៖ វង សុភ័ក្ត្រ