ព័ត៌មានជាតិ

វិស័យដំណាំកៅស៊ូ នៅតែជួបប្រទះបញ្ហា និងការលំបាកមួយចំនួន ខណៈឆ្នាំ២០២១ចំណូលសរុបបានជាង ៦១១លានដុល្លារ កើនឡើងជាងឆ្នាំ២០២០

image

ភ្នំពេញ៖ ទោះជាការអនុវត្តការងារកន្លងមក ទទួលបានសមិទ្ធផលគួរជាទីគាប់ចិត្តយ៉ាងណាក៏ដោយ ក៏វិស័យកៅស៊ូ នៅជួបប្រទះបញ្ហាប្រឈម និងការលំបាកមួយចំនួន ដែលត្រូវពុះពារជម្នះ ដើម្បីឈានទៅសម្រេចតាមគោលដៅ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូធម្មជាតិ និងចូលរួមចំណែកសម្រេចគោលដៅនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣។ នេះបើយោងតាមរបាយការបូក សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ថា បញ្ហាប្រឈមសំខាន់ៗរួមមាន លិខិតបទដ្ឋាន គតិយុត្តិក្នុងវិស័យកៅស៊ូនៅមានតិច, កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យកៅស៊ូមិនទាន់គ្រប់ជ្រុងជ្រោយ, ប្រភពថវិកា មធ្យោបាយ និងធនធានមនុស្សនៅមានកម្រិត, ថ្លៃដើមផលិតកម្មបន្តឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងធាតុចូល និងប្រាក់បំណាច់កម្មករ និងកង្វះពលកម្ម ពិសេសកម្មករចៀរជ័រ។

គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបប្រមាណជាង ៤០៤ ០៤៤ហិកតា (ថយចុះចំនួន ១១៦ហិកតា ស្មើនឹង០,០៣% ធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៤០៤ ១៦០ហិកតា) ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិឧស្សាហកម្មមានចំនួន ២៤០ ៣៤៦ហិកតា ស្មើនឹង៥៩% និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានចំនួន ១៦៣ ៦៩៣ហិកតា ស្មើនឹង៤១%។ ផ្ទៃដីកៅស៊ូចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា បានកើនទ្បើងចំនួន ១៧ ៦៩៦ហិកតា ស្មើនឹង៦,១% ធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ២៩២ ៤៩៧ហិកតា។ ផលិតផលកៅស៊ូស្ងួតសម្រេចបានចំនួន ៣៦៨ ០០០តោន កើនទ្បើង១៨ ៧០០តោន ស្មើនឹង៥,៤% ធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៣៤៩ ៣០០តោន។ ទិន្នផលជាមធ្យមប្រចាំឆ្នាំទទួលបាន១ ១៨៦គ.ក្រ/ហ.ត មានការថយចុះចំនួន៨គ.ក្រ./ហ.ត ស្មើនឹង០,៨% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ១ ១៩៤គ.ក្រ./ហ.ត ដោយសារការបញ្ចូលផ្ទៃដីចៀរជ័រថ្មីៗកើនឡើងច្រើនក្នុងឆ្នាំ។ ផ្អែកតាមទិន្នន័យដែលមាន អាចព្យាករបានថា បរិមាណកៅស៊ូសរុប នឹងកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់ពីឆ្នាំ២០២២តទៅ កម្ពុជានឹងអាចមានផលិតផលសរុបប្រមាណ ៤០ម៉ឺនតោនក្នុងមួយឆ្នាំៗ។

ក្នុងរបាយការណ៍បានឱ្យដឹងដែរថា នៅឆ្នាំ២០២១ ផលចំណូលសរុបបានមកពីវិស័យកៅស៊ូមានចំនួនប្រមាណ ៦១១,៨លានដុល្លារ ក្នុងនោះការនាំចេញផលិតផលកៅស៊ូបានចំនួន ៣៦៦ ៣០០តោន ដោយទទួលបានទឹកប្រាក់សរុបចំនួនជាង ៦១០,៣លានដុល្លារ ធៀបនឹងឆ្នាំ២០២០ មានចំនួន ៣៣៨ ៣០០តោន មានទឹកប្រាក់ចំនួនជាង ៤៦៧,៦លានដុល្លារ ឃើញថាបរិមាណនាំចេញកើនឡើងចំនួន២៨ ០០០តោន ស្មើនឹង៨,៣% និងទឹកប្រាក់កើនឡើងចំនួន ១៤២,៧លានដុល្លារ ស្មើនឹង ៣០,៥%។ តម្លៃលក់កៅស៊ូជាមធ្យមគឺ ១ ៦៦៦ដុល្លារអាម៉េរិក/តោន បានកើនឡើងចំនួន ២៨៤ ដុល្លារអាម៉េរិក/តោន ស្មើនឹង២០,៥% ធៀបនឹងឆ្នាំ២០២០ ដែលថ្លៃលក់មធ្យម ១ ៣៨២ដុល្លារ/តោន។ ការនាំចេញឈើកៅស៊ូពីការកាប់ដើមកៅស៊ូចាស់ៗ បានចំនួន ៦ ២៩២ម៉ែត្រគូប ទទួលបានទឹកប្រាក់ចំនួន ១,៥លានដុល្លារ។

កត្តាដែលមានឥទ្ធិពលលើថ្លៃកៅស៊ូធម្មជាតិ ដោយសារអតុល្យភាពរវាងការផ្គត់ផ្គង់និងតម្រូវការកៅស៊ូធម្មជាតិដែលជាកត្តាមូលដ្ឋាន ជាក់ស្តែងការផ្គត់ផ្គង់កៅស៊ូធម្មជាតិបានថយចុះមកពីផលិតកម្មកៅស៊ូធម្មជាតិ នៅតាមបណ្តាប្រទេសផលិត មួយចំនួនជួបវិបត្តិទឹកជំនន់នៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ជំងឺស្លឹកប្រភេទថ្មីរាតត្បាតនៅ ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្ការ ឥណ្ឌា ការឆ្លងរីករាលដាលជាសកលនូវមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ និងរួមផ្សំដោយកត្តាមិនមែនមូលដ្ឋានមួយចំនួនទៀតដូចជា តម្លៃប្រេងកើនឡើងយ៉ាងគំហុក ដោយសារវិបត្តិកង្វះធ្យូងថ្មដ៏ធ្ងន់ធ្ងរសម្រាប់ម៉ាស៊ីនផលិតថាមពលអគ្គីសនី ដែលប្តូរមកប្រើប្រាស់ប្រេងឥន្ធនៈជំនួសវិញ ភាពប្រសើរឡើងវិញនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសអាម៉េរិក និងចិន និងស្របពេលដែលតម្រូវការកៅស៊ូធម្មជាតិពិភពលោកនៅតែមានកំណើនខ្ពស់។

ក្នុងឆ្នាំ២០២១ យោងតាមរបាយការណ៍របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ ផលិតកម្មកៅស៊ូធម្មជាតិពិភពលោក មានបរិមាណជាង ១៣,៨លានតោន និងតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិ មានបរិមាណជាង ១៤,១លានតោន។ តាមការព្យាករបង្ហាញថា ការផ្គត់ផ្គង់នឹងកើនឡើងដល់បរិមាណជាង ១៤,៦លានតោន នៅឆ្នាំ២០២២។

បច្ចុប្បន្ន ការអភិវឌ្ឍកៅស៊ូធម្មជាតិនៅកម្ពុជា មាននៅស្ទើរគ្រប់ខេត្តទូទាំងប្រទេស(២០/២៥ ខេត្ត-ក្រុង) ដោយមានសន្ទុះកើនឡើងជាលំដាប់ ដែលតម្រូវឱ្យអគ្គនាយកដ្ឋានកៅស៊ូ មានតួនាទីកាន់តែមានទំហំធំឡើង ក្នុងការចុះណែនាំ ផ្សព្វផ្សាយ បណ្តុះបណ្តាល និងការចុះពិនិត្យស្ថានភាពទូទៅនៃការដាំដុះ ការយកផល ការកែច្នៃ ការធ្វើពាណិជ្ជកម្ម ការចងក្រងសហគមន៍ និងការចុះប្រមូលស្ថិតិ ជាដើម។ ទន្ទឹមនឹងការងារនេះ អគ្គនាយកដ្ឋានកៅស៊ូ ក៏បានខិតខំរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូ លិខិតបទដ្ឋានគតិយុត្តនានាក្រោមច្បាប់ និងការងារផ្សេងៗទៀតជាច្រើនផងដែរ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងអង្គភាព និងអភិវឌ្ឍន៍កៅស៊ូនៅកម្ពុជាឱ្យប្រកបដោយនិរន្តរភាព និងសុខដុមនីយកម្ម។

ដោយសារបញ្ហានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានចុះហត្ថលេខាឯកភាពយល់ព្រមអនុញ្ញាត ដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០ មាន២ផ្នែកសំខាន់គឺ ផ្នែកទី១. ស្ដីពីការវិភាគស្ថានភាពកៅស៊ូធម្មជាតិ រយៈពេល១០ឆ្នាំកន្លងមក។ ផ្នែកទី២. ស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០។ ដើម្បីសម្រេចនូវគោលបំណង និងគោលដៅនៃផែនការយុទ្ធសាស្ត្រនេះ ស្នូលយុទ្ធសាស្ត្រចំនួន៤ គម្រោងចំនួន២៤ និងសកម្មភាពចម្បងៗចំនួន៦៦ ត្រូវបានលើកឡើង និងដាក់ចេញសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះ និងជាត្រីវិស័យចង្អុលបង្ហាញផ្លូវ សម្រាប់ការអនុវត្តឱ្យបានជោគជ័យតាមការគ្រោងទុក នាបណ្តាឆ្នាំខាងមុខ។

ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ អគ្គនាយកដ្ឋានកៅស៊ូដែលជាសេនាធិការឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបំពេញតួនាទី ជាច្រើនដូចជា បានចូលជាសមាជិកពេញសិទ្ធិរបស់សមាគមបណ្ដាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC), ក្រុមប្រឹក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍កៅស៊ូអន្តរជាតិ (IRRDB), សមាគមកៅស៊ូអន្តរជាតិ (IRA) និងដៃគូសហប្រតិបត្តិការទ្វេភាគី ឬពហុភាគី ក្នុងការងារស្រាវជ្រាវ ពិសោធន៍ ការពង្រឹងទីផ្សារ និងព័ត៌មានកៅស៊ូ ការបង្កើនគុណភាពកៅស៊ូតាមស្តង់ដារអន្តរជាតិ និងការងារដទៃទៀតជាច្រើន។ ក្រៅពីនេះ សមាគមអភិវឌ្ឍកៅស៊ូកម្ពុជា ក៏បានចូលជាសមាជិកពេញសិទ្ធិ នៃក្រុមប្រឹក្សាធុរកិច្ចកៅស៊ូអាស៊ាន (ARBC) ផងដែរ៕