ព័ត៌មានជាតិ

ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត នឹងរៀបចំឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចមកកម្ពុជាពីសំណាក់ថ្នាក់ដឹកនាំប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងទំនាក់ទំនងជាមួយកម្ពុជា 

image

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក Saud F.M. AI Suwelim ឯកអគ្គរាជទូត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួប លោកឯកអគ្គរាជទូត បានចូលរួមសម្ដែងការអបអរសាទរជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជោគជ័យនៃការទប់ស្កាត់នូវជំងឺកូវីដ-១៩ ដែលជោគជ័យនេះគឺជាការរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាព វិបុលភាព នៃការអភិឌ្ឍរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោក បានជូនពររាជរដ្ឋាភិបាលកម្ពុជា ដែលទទួលធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ សូមឱ្យទទួលបានជោគជ័យ នៅក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។

លោកទូត ក៏បានជម្រាបជូន សម្ដេចក្រឡាហោម ទៀតថា តាមពិតនៅក្នុងឆ្នាំកន្លងទៅ គណៈប្រតិភូ និងថ្នាក់ដឹកនាំរបស់អារ៉ាប៊ីសាអូឌីត មានបំណងធ្វើការផ្លាស់ប្ដូរទស្សនកិច្ចមកកម្ពុជា ប៉ុន្ដែដោយសារតែវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យគម្រោងនៃការផ្លាស់ប្ដូររបស់គណៈប្រតិភូ និងថ្នាក់ដឹនាំមួយចំនួន នៃអារ៉ាប៊ីសាអូឌីត ត្រូវបានលើកពេល។ លោកថា បច្ចុប្បន្ននេះ ក៏កំពុងតែពិនិត្យទៅលើពេលវេលាសមស្របណាមួយ ដើម្បីរៀបចំឡើងវិញនូវគម្រោងការផ្លាស់ប្ដូរទស្សនកិច្ចនោះផងដែរ។ 

ឯកអគ្គរាជទូត ក៏បានជឿជាក់ថា បើសិនមានការរៀបចំដំណើរទស្សនកិច្ចទាំងនោះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងលើវិស័យទំនាក់ទំនងទំហំពាណិជ្ជកម្ម ក៏ដូជា កិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ ដែលជាកិច្ចការមួយស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងទាំងនេះ ហើយសម្ដេច បានសង្ឃឹមថា នឹងមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ។ 

សម្ដេចក្រឡាហោម ក៏បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រោះជាការងារដ៏មានសារៈសំខាន់ ជាពិសេសប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសមួយដែលមានការរីកចម្រើន ដូច្នេះកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ក៏ជាប្រទេសកំពុងឆ្លងកាត់រួចផុតពីសង្គ្រាម ហើយត្រូវការយ៉ាងចាំបាច់នូវដៃគូ ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនផងដែរ។

នាឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជម្រាបជូនលោកឯកអគ្គរាជទូត ថា នៅព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋដែលកាន់សាសនាមូស្លីម គឺជាប្រជាពលរដ្ឋនៅក្នុងចំនួនទីពីរ បន្ទាប់ពីចំនួនប្រជាពលរដ្ឋកាន់សាសនាព្រះពុទ្ធ ហើយជាទូទៅគឺប្រជាពលរដ្ឋខ្មែរ ទាំងអ្នកកាន់សាសនាព្រះពុទ្ធ និងកាន់សាសនាឥស្លាម គឺមានទំនាក់ទំនងជាមួយគ្នាល្អនៅក្នុងសង្គម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់ និងផ្ដល់ឱកាសស្មើៗគ្នាដល់ប្រជាពលរដ្ឋនៅកម្ពុជា ទាំងអ្នកកាន់សាសនាព្រះពុទ្ធ និងកាន់សាសនាឥស្លាម ដើម្បីទទួលបាននូវឱកាសក្នុងសង្គមស្មើៗគ្នា ដោយមិនមានការបែងចែកណាមួយនោះទេ គឺជាពលរដ្ឋខ្មែរតែមួយ។

ចំពោះគម្រោងពិនិត្យលទ្ធភាព ក្នុងការរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ សម្ដេចក្រឡាហោម បានគាំទ្រ ដោយសម្ដេច ជឿជាក់ថា តាមរយៈនឹងបង្កើនឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែទូលំទូលាយថែមទៀត ទាំងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រួមទាំងវិស័យសន្ដិសុខ ជាពិសេសគឺប្រយុទ្ធប្រឆាំងនូវឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរផងដែរ។

ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកគោរពប្រតិបត្តិសាសនាឥស្លាមនេះ ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានជម្រាបជូន សម្ដេចក្រឡាហោម ថា ប្រជាពលរដ្ឋអារ៉ាប៊ីសាអូឌីត ដែលជាអ្នកគោរពប្រតិបត្តិនូវសាសនាឥស្លាមនោះ សុទ្ធតែជាអ្នកស្រលាញ់គាំទ្រ សុខសន្ដិភាព និងប្រឆាំងដាច់ខាតនូវរាល់អំពើជ្រុលនិយមទាំងឡាយ ដែលបង្កអសន្ដិសុខដល់សកលលោក។

លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋកម្ពុជា ដែលគោរពប្រតិបត្តិនូវសាសនាអ៊ីស្លាម ដោយលោក ចាត់ទុកថា នេះគឺជាការអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យមួយដ៏សំខាន់ ក្នុងការអនុញ្ញាតដល់ការគោរពសិទ្ធិសេរីភាព ដល់ការគោរពប្រតិបត្តិទៅលើជំនឿសាសនារបស់ប្រជាពលរដ្ឋ៕