ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារកម្ពុជា អះអាងថា ដៃគូនានាមានសុទិដ្ឋិនិយមទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា ទោះបីពាណិជ្ជកម្មពិភពលោកកំពុងមានបញ្ហា

image

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានលើកឡើងនូវការរំពឹងទុកថា បើទោះបីមាន បញ្ហាពាណិជ្ជកម្មពិភពលោកក៏ពិតមែន ប៉ុន្តែកម្ពុជាសង្ឃឹមថា បញ្ហានេះនឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម រវាងកម្ពុជាជាមួយដៃគូនានានោះឡើយ ហើយដៃគូ អង្គការ សមាគមជាតិ-អន្តរជាតិនានា ក៏មានសុទិដ្ឋិនិយម បែបនេះដែរ។

នាថ្ងៃទី១៩ ខែតុលា នេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូសមាគមយុត្តិធម៌ការងារ (FLA) និងក្រុមតំណាងអ្នកបញ្ជាទិញ ផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដែលដឹកនាំដោយលោក មីឆាអ៊ែល ប៉ុសស្នឺរ ប្រធានក្រុមប្រឹក្សាភិបាល FLA នោះ ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា ការជួបពិភាក្សាគ្នាជាមួយសមាគម FLA ខាងលើនេះ គឺដើម្បីពិនិត្យឡើងវិញទៅលើវឌ្ឍនភាពលក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្តការដោះស្រាយវិវាទ និងការអនុវត្តច្បាប់សហជីពជាដើម ហើយក្នុងកិច្ចពិភាក្សានាពេលនេះ ក៏បានលើកឡើងពីវឌ្ឍនភាព និងបញ្ហាប្រឈម នានាផងដែរ។ តែទោះជាយ៉ាងណា កម្ពុជារួមជាមួយដៃគូនានារបស់ខ្លួននៅតែបន្តដោះស្រាយរួមគ្នា ដើម្បីបន្តកិច្ច សហប្រតិបត្តិការទៅមុខទៀត។

សូមជម្រាបថា សមាគមយុត្តិធម៌ការងារ (FLA) គឺជាសមាគមធំរបស់សហរដ្ឋអាមេរិក ដែលតំណាងឱ្យអ្នកបញ្ជាទិញផលិតផល សម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ សមាគមនេះ ក៏ជាដៃគូចាស់ដ៏ល្អមួយរបស់ កម្ពុជាផងដែរ៕ 

អត្ថបទ៖ កែវ សារិទ្ធ