ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យសាធារណៈរដ្ឋកូរ៉េ កសាងស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរបន្ថែមទៀត
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៤ ខែឧសភានេះ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ អគារដាក់ឲ្យប្រើប្រាស់ អគារមិត្តភាពកម្ពុជា-កូរ៉េ ដែលត្រូវបានកែលម្អឡើងវិញ នៅមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍លើកឡើង ពីទំនាក់ទំនងអាស៊ានបូក៣។


សម្តេចបានលើកឡើងថា នៅក្នុងទំនាក់ទំនងអាស៊ានបូក៣នេះ កម្ពុជា មានស្ពានឆ្លងទន្លេ ដែលជាស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុនរួចមកហើយ ក្នុងន័យនេះ សម្តេចតេជោ បានស្នើឲ្យភាគីកូរ៉េ ពិនិត្យមើល ក្នុងការកសាងស្ពាន នៅទីតាំងឆ្លងទន្លេណាមួយ ដើម្បីដាក់ជាស្ពាន មិត្តភាពកម្ពុជា-កូរ៉េ និងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាផងដែរ។


សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងពិធីដដែលនេះ ក៏បានស្នើឲ្យកូរ៉េ ពិចារណាលើកកម្ពស់ នៃកិច្ចប្រជុំមេគង្គ-កូរ៉េ ដែលបច្ចុប្បន្ន មានត្រឹមកម្រិតថ្នាក់រដ្ឋមន្ត្រីនោះ ឲ្យក្លាយជាកិច្ចប្រជុំថ្នាក់កំពូល ដែលមានចូលរួមពី ថ្នាក់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ឲ្យស្របទៅនឹងកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង និងមេគង្គ-ជប៉ុន ដែលមានរួចមកហើយ។


បើតាមប្រសាសន៍ ឯកឧត្តម អ៊ូ ណាយ៉ង់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានបង្ហាញបំណង ហាក់ចង់ជួយកសាងស្ពាននៅកម្ពុជា ដោយឯកឧត្តមបានលើកឡើងថា រដ្ឋាភិបាលកូរ៉េ មានបំណងបង្កើតនូវអ្វីៗ ដែលលើសពីតួលេខ លើវិស័យជាច្រើន ដែលប្រទេសទាំងពីរ បានសម្រេចកន្លងមក។ ឯកឧត្តម បន្ថែមថា «គោលនយោបាយ ទិសដៅតំបន់ខាងត្បូងថ្មី» គឺជាចក្ខុវិស័យ ដែលស្វែងរកនូវ «សហគមន៍ សន្តិភាព ដែលភ្ជាប់មនុស្សនិងមនុស្ស» ហើយបច្ចុប្បន្នរដ្ឋាភិបាល របស់ប្រទេសទាំងពីរ កំពុងខិតខំប្រឹងប្រែង ដោយមានក្តីសុបិន្ត ដែលចង់ឱ្យមានវិបុលភាពជាមួយគ្នា។


ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលព្យាបាលជំងឺកុមារ ដែលសម្ភោធនៅថ្ងៃនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា វានឹងក្លាយជានិមិត្តរូប នៃការអនុវត្តសហគមន៍សន្តិភាព ដោយផ្ដោតជាសំខាន់លើមនុស្ស ដែលភ្ជាប់ទឹកចិត្ត រវាងប្រជាជនកូរ៉េនិងកម្ពុជា ដោយសារមន្ទីរពេទ្យកុមារជាតិនេះ មានទំនាក់ទំនងផ្ទាល់ ជាមួយនិងកុមារា កុមារី ដែលនិងក្លាាយជាទំពាំងស្នងឫស្សីនៅពេលអនាគត។

គួរជម្រាបថា មជ្ឈមណ្ឌលព្យាបាលជំងឺកុមារនេះ ជាផ្នែកមួយ នៃគម្រោងកែលំអមន្ទីរពេទ្យកុមារជាតិ ដែលបានអនុវត្តន៍ ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលកូរ៉េ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ មានចំនួនទឹកប្រាក់ សរុប៧,២៨លានដុល្លារអាមេរិក៕

អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation