រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ ទោះកម្ពុជា មិនមានការគំរាមកំហែងភេរវកម្ម ប៉ុន្តែកម្ពុជាមានការប្រុងប្រយ័ត្នជានិច្ច ចំពោះការគំរាមកំហែងក្នុងតំបន់
| ព័ត៌មានជាតិ
SHARE

សិង្ហបុរី៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១២ ជាមួយបណ្តារដ្ឋមន្រ្តីការពារជាតិអាស៊ានផ្សេងទៀត នៅប្រទេសសិង្ហបុរី។ រដ្ឋមន្រ្តីការពារជាតិអាស៊ាន បានពិភាក្សាផ្លាស់ប្តូរទស្សនៈដោយផ្តោតទៅលើការប្រឆាំងមនោគមន៍វិជ្ចាភេរវកម្ម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាដើម។


អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ឱ្យអ្នកសារព័ត៌មានដឹងថា ក្នុងកិច្ចប្រជុំនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់អំពីស្ថានភាពសន្តិសុខនៅក្នុងតំបន់ដោយរំលឹកថា ទោះបីជាស្ថានភាពសន្តិសុខនៅក្នុងតំបន់អាស៊ាន មានស្ថិរភាពជារួម ប៉ុន្តែសក្តានុពលហានិភ័យនៃសន្តិសុខ និងស្ថិរភាពក៏នៅតែបន្តមាន។ ទោះជាភេរវកម្មកំពុងត្រូវបានទប់ស្កាត់ ប៉ុន្តែវានៅតែបន្តគំរាមគំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថានការណ៍សន្តិសុខតំបន់ ហើយវាក៏ជាបញ្ហាព្រួយបារម្ភរួមរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀតជាច្រើន។


សម្តេចពិជ័យសេនា ក៏បានគូសបញ្ជាក់ អំពីសារសំខាន់ក្នុងការទប់ស្កាត់ភេរវកម្ម ដែលប្រើប្រាស់អ៊ីនធើណែត ដោយសង្កត់ធ្ងន់ថា ក្រុមភេរវករកំពុងទាញយកប្រយោជន៍ពីប្រព័ន្ធផ្សព្វផ្សាយសង្គម ការទំនាក់ទំនងដោយប្រើប្រាស់កូដសម្ងាត់ និងការប្រើប្រាស់ គេហទំព័រសម្ងាត់ដែលពុំអាចមើលបានជាសាធារណៈ ដើម្បីផ្សព្វផ្សាយព័ត៌មានឃោសនា ទាញយកសមាជិកថ្មីៗ ធ្វើការផ្ទេរនូវជំនាញរបស់ខ្លួន ដែលទទួលបានពីសមរភូមិទៅកាន់អ្នកផ្សេងទៀត ក៏ដូចជាដើម្បីរៀបចំការវាយប្រហារជាដើម។


សម្តេចបានលើកឡើងទៀតថា ទោះបីជាប្រទេសកម្ពុជា មិនត្រូវបានគំរាមកំហែងដោយក្រុមអង្គការចាត់តាំងភេរវករក្នុងស្រុក ឬអន្តរជាតិ គួរឱ្យកត់សម្គាល់ណាមួយ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសក៏ដោយ រាជរដ្ឋាភិបាលនៅតែមានការប្រុងប្រយ័ត្ន ចំពោះការគំរាមកំហែងក្នុងតំបន់ ហើយបានចាត់ទុកបញ្ហាភេរវកម្មជាផ្នែកមួយ នៃការព្រួយបារម្ភចម្បងផ្នែកសន្តិសុខឆ្លងដែន។ សម្តេចបានជឿជាក់ថា អំពើភេរវកម្មនឹងមិនអាចត្រូវបានបង្រ្កាប ដោយមធ្យោបាយយោធាតែមួយមុខនោះទេ យើងគួរចាប់ផ្តើមគិតគូរពិចារណាអំពី «វិធានការការពារ» សម្រាប់ដំណោះស្រាយយូរអង្វែងជាអចិន្ត្រៃយ៍។


សម្តេចបានរំលឹកឱ្យអាស៊ានត្រូវតែបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម នៅក្នុងវិស័យសន្តិសុខ ជាមួយនឹងការរួមគ្នា កំណត់ និងដោះស្រាយឫសគល់នៃបញ្ហាតែម្តង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation