ព័ត៌មានជាតិ

ឆ្លើយតបនឹងបញ្ហាបរិស្ថាននៅខេត្តព្រះសីហនុ រដ្ឋមន្រ្តីថោង ខុន ស្នើ៩វិធានការទៅអោយរដ្ឋបាលខេត្តអនុវត្តជាបន្ទាន់

image

ខេត្តព្រះសីហនុ៖ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញ ជូនដំណឹងស្ដីពីការងារទីក្រុងស្អាតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបញ្ជាក់ថា ដើម្បីធានាដល់ការអភិវឌ្ឍវិស័យ ទេសចរណ៍ នៅខេត្តព្រះសីនុ ប្រកបដោយនិរន្តរភាព ដោយធានាឲ្យបាននូវសោភ័ណ្ឌភាព , ភាពស្អាត និងភាពបៃតងរបស់ ក្រុងព្រះសីនុ អោយសាកសមជាជ័យលាភីទីក្រុងស្អាតចំណាត់ថ្នាក់រំដួល ៣ទង ព្រមទាំងកិត្តិនាម «ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនិរតី» គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមស្នើរដ្ឋបាលខេត្តព្រះសីនុឱ្យអនុវត្តនូវវិធានការចំនួន ៩ ដូចខាងក្រោម៖

១.បន្តជំរុញការចូលរួមចលនាប្រឡងប្រណាំងឆ្នេរស្អាតក្នុងខេត្តព្រះសីហនុ ដោយ ត្រូវរៀបចំឆ្នេរនៅខេត្តព្រះសីហនុឲ្យស្របទៅ តាមស្តង់ដារឆ្នេរស្អាត ដើម្បីជាការចូលរួមអបអរសាទរពិធីបុណ្យសមុទ្រនៅខែធ្នូខាងមុខនេះ។

២.ពង្រឹងសេវាប្រមូលសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាមដែលត្រូវដឹកជញ្ជូនសំរាមឲ្យបានទាន់ពេលវេលានិងឱ្យអស់ពីក្នុងទីក្រុង ពិសេសត្រូវសម្អាតទីក្រុងព្រះសីហនុឲ្យបានស្អាតល្អ។

៣.បញ្ជ្រាបការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋនិងអាជីវករក្នុងការវេចខ្ចប់,ទុកដាក់និងបញ្ចេញសំរាមតាមមូលដ្ឋាន និងតាមទីតាំង អាជីវកម្មឱ្យបានស្អាតនិងត្រឹមត្រូវ។

៤.ត្រូវថែទាំសម្អាតបង្គន់អនាម័យសាធារណៈដែលមានស្រាប់ឲ្យបានស្អាតជាប់ជាប្រចាំ និងរៀបចំបង្គន់សាធារណៈថ្មីឲ្យបាន គ្រប់គ្រាន់ និងស្របតាមស្តង់ដារបង្គន់សាធារណៈអាស៊ាននិងកម្ពុជា។

៥.ត្រូវរៀបចំតំបន់បៃតងបន្ថែមទៀតនៅក្នុងទីក្រុងដោយបំពាក់ឧបករណ៍កីឡាសាធារណៈ ស្របតាមស្តង់ដារ ហើយត្រូវពិនិត្យលើ លទ្ធភាពពីការរៀបចំសួនទេសចរណ៍ ស្របតាមស្តង់ដារនៅក្នុងទីតាំងណាមួយសមស្រប ដើម្បីចូលរួមចលនាប្រឡងប្រណាំង «ខេត្តមួយ សួនទេសចរណ៍មួយ»។

៦.ត្រូវធ្វើការបូកសរុបស្ថិតិសំណល់រាវ ដែលបញ្ចេញដោយអាជីវកម្មទេសចរណ៍ ហើយណែនាំឲ្យមានការបំពាក់អាងប្រព្រឹត្តកម្ម ទឹកកខ្វក់ (Septic Tank) ស្របតាមស្មារតីនៃសារាចរណែនាំស្ដីពីការរៀបចំឲ្យមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ (Septic Tank) អាងបង្គន់អនាម័យ និងប្រព័ន្ធបណ្ដាញលូនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា។

៧.រៀបចំមណ្ឌលព័ត៌មានទេសចរណ៍ឱ្យបានគ្រប់គ្រាន់និងសមស្របទៅតាមតម្រូវការជាក់ស្ដែង។

៨.រៀបចំកំណត់ទីតាំង Food Street ឱ្យបានសមស្រប។

៩.ត្រូវចាត់វិធានការទប់ស្កាត់ការដឹកលើសទម្ងន់នៅក្នុងទីក្រុង ដោយកំណត់ពេលវេលានៃការដឹកជញ្ជូននិង តម្រាយផ្លូវសម្រាប់ រថយន្តធុនធ្ងន់និងរថយន្តដឹកសម្ភារៈសំណង់ ដើម្បីកាត់បន្ថយការខូចខាតនៃផ្លូវថ្នល់និងបញ្ចៀសការកកស្ទះចរាចរណ៍ នៅក្នុងទីក្រុងព្រះសីហនុ៕


ព័ត៌មានទាក់ទង...