អ្នកស្លាប់ដោយករណីពុលស្រា ស នៅក្រចេះ កើនឡើងដល់៥នាក់ហើយ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ករណីពុលស្រា ស នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ គិតត្រឹមវេលាម៉ោង ៦យប់ ថ្ងៃទី២០ ខែតុលានេះ មានមនុស្សស្លាប់កើនឡើងដល់៥នាក់ហើយ ខណៈដែលអ្នកពុលសរុបដែលត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តក្រចេះមានសរុប៧៨នាក់។ នេះបើតាមការបញ្ជាក់របស់ លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះបានប្រាប់អ្នកយកព័ត៌មានរបស់CNCប្រចាំខេត្តក្រចេះ។

ប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះបន្ថែមថា ក្នុងចំណោមអ្នកពុលទាំងនោះ គិតត្រឹមថ្ងៃនេះ មាន៤២នាក់ បានធូស្រាល ហើយបានវិលទៅផ្ទះវិញហើយ។ ដោយឡែកសំណាកស្រា ស ដែលមន្ត្រីជំនាញយកមកពិសោធ ត្រូវបាន លោក ឈ្នាង សុវុត្ថា អះអាងថា មិនទាន់ចេញជាលទ្ធផលនៅឡើយទេ។

គួររំលឹកថា ករណីពុលស្រាសនេះបានផ្ទុះឡើង នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ នៅល្ងាចថ្ងៃទី១៨តុលា ២០១៨ នេះក្រោយពីប្រជាពលរដ្ឋនៅភូមិខាងលើ បានទទួលទានស្រាស ដែលផលិតនៅក្នុងភូមិរបស់គាត់ ដែលបណ្តាលឱ្យមានអ្នកពុល ស្លាប់ភ្លាមៗ ៣នាក់នាថ្ងៃដំបូង។

គួរបញ្ជាក់ដែរថា ករណីពុលស្រាស ក្នុងស្រុកសំបូរខេត្តក្រចេះនេះកើតមានជាញឹកញាប់ ជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំនេះ ក្នុងស្រុកសំបូរមិនមែនជាលើកទី១ទេ ប៉ុន្តែ មន្ទីរពាក់ពន័្ឌហាក់បីដូចមិនមានចំណាត់ការសោះលើទីតាំងបិទឬផលិតស្រាស ក្នុងខេត្តនេះ។

បើតាមបញ្ជាក់របស់លោកអធិការស្រុកសំបូ បានអោយដឹងថា ក្រោយពីលោកទទួលព័ត៌មានភ្លាម ពេលនោះលោកបាន ចាត់កំលាំងចុះទៅកន្លែងកើតហេតុភ្លាមៗ ហៅអ្នកលក់ស្រា ស និងស្រា ថ្នាំ ក្នុងភូមិមកសួរនាំដើម្បីសាកសួរតាមនិតិវិធី។ ជាមួយគ្នានេះដែរ អាជ្ញាធរដែនដីបានចុះឃាត់ខ្លួនអ្នកផលិតស្រា ស មួយកន្លែងនៅក្នុងភូមិនោះ ដែលមានឈ្មោះកុច សុខហេង អាយុ៣១ឆ្នាំ ដើម្បីសាកសួរ ដែលសនិដ្ឋានថាស្រា ស ដែលគាត់ផលិតលក់ឲ្យមានសារធាតុពុលនោះនិង រឹបអូសបានស្រាសជិត ៣០លីត្រ ។

ជុំវិញបញ្ហានេះ បើតាមការបញ្ជាក់របស់ស្នងការរងនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី គង់ សុវណ្ណារិទ្ធ បានបញ្ជាក់ប្រាប់ បណ្តាញសារព័ត៌មាននាល្ងាចថ្ងៃទី២០ ខែតុលា នេះថា ម្ចាស់ទីតាំងផលិតស្រារូបនេះ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ ឃាត់ខ្លួនសាកសួរ និងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ហើយសមត្ថកិច្ចគ្រោងបញ្ជូនខ្លួននៅតុលាការនៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែតុលា ដើម្បីឲ្យព្រះរាជអាជ្ញាផ្តើមចោទប្រកាន់តាមផ្លូវច្បាប់៕

អត្ថបទ ៖ លោកនាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation