រដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាដ៏សំខាន់មួយនៅទីក្រុងប៉េកាំងរយៈពេល៦ថ្ងៃ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃស្អែកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកា Xiangshan ប៉េកាំង" លើកទី៨ នៅទីក្រុងប៉េកាំង ដែលធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ ២៧ ខែតុលា។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋ ប្រជាមានិតចិន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកា "8Th Beijing Xiangshan Forum" នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា "វេទិកា Xiangshan ប៉េកាំង" លើកទី៨ (8Th Beijing Xiangshan Forum) ត្រូវបានរៀបចំឡើងក្រោមប្រធានបទ "ការកសាងសមភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ទំនាក់ទំនងភាពជាដៃគូ សន្តិសុខថ្មីមួយនៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ នឹងផ្តោតលើការពិភាក្សាផ្លាស់ប្តូរពីវិធីសាស្រ្តថ្មី ទស្សនៈថ្មីនៃការគ្រប់គ្រង សន្តិសុខអន្ដរជាតិ ការគំរាមកំហែង និងការទប់ទល់ទៅនឹងភេរវកម្ម រួមទាំងកិច្ចសហប្រតិបត្តិការ និងបញ្ហាប្រឈមមួយ ចំនួនទៀត។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បន្ថែមថា វេទិកានេះមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំយោធា និងក្រសួង ស្ថាប័ន ការពារជាតិជិត១០០ប្រទេស មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប ទ្វីបអាហ្រ្វិក អាមេរិកឡាទីន ព្រមទាំងអង្គការអន្ដរជាតិ អ្នកប្រាជ្ញ អ្នកជំនាញបញ្ញាវ័ន្តល្បីៗផងដែរ។ ថ្នាក់ដឹកនាំរដ្ឋចិន និងថ្នាក់ដឹកនាំគណៈកម្មាធិការយោធាកណ្តាលចិន នឹងចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះជាដើម។

នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ត្រូវបានរំពឹងថានឹងថ្លែងសុន្ទរកថាមួយចំនួន នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ ស្តីពី "ចក្ខុវិស័យ និងការសម្រេចបានកិច្ចសហប្រតិបត្តិការសន្តិសុខលើសមុទ្រ" ព្រមទាំងបូកសរុបពីការចូលរួមកិច្ចប្រជុំ និងទស្សនកិច្ចនៅប្រទេសចិនផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation