ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនម្នាក់លាក់រុំគ្រឿងញៀនជិត២គីឡូ ជាប់នឹងខ្លួន បម្រុងនាំចេញទៅក្រៅប្រទេស នៅព្រលានយន្តអន្តរជាតិ ភ្នំពេញ

image

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានលួចលាក់គ្រឿងញៀនក្នុងកញ្ចប់ស្បោងរុំជាប់នៅនឹងភ្លៅទាំងសងខាង និងដងខ្លួនប្រមាណ ជិត២គីឡូក្រាម ក្នុងគោលបំណងបម្រុងនាំចេញទៅក្រៅប្រទេស ប៉ុន្ដែត្រូវបានជាប់ខ្នោះ របស់កម្លាំងអន្ដោប្រវេសន៍ប្រចាំការ នៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ ទប់ស្កាត់ទាន់ពេលវេលា។

ប្រតិបត្តិការណ៍នេះធ្វើឡើងនារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ មន្ដ្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់ ឲ្យដឹងថា ជនសង្ស័យជាជនជាតិចិននេះ មានឈ្មោះ YU WEI YI កាន់លិខិតឆ្លងដែនលេខៈ462923។

មន្ដ្រីនគរបាលបានបន្ថែមថា ជនសង្ស័យនេះ បានធ្វើដំណើរចេញពីប្រទេសកម្ពុជា តែត្រូវកម្លាំងអន្ដោប្រវេសន៍ព្រលាន យន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ សង្ស័យថា មានសារធាតុញៀននាំចេញខុសច្បាប់ ក៏ត្រូវបាន ឃាត់ខ្លួនភ្លាមៗ។

មន្ដ្រីជំនាញ បានបញ្ជាក់ថា ក្រោយពេលត្រួតពិនិត្យជាក់ស្ដែង ឃើញមានសារធាតុញៀនលាក់ ក្នុងកញ្ចប់ស្បោងរុំជាប់ នៅនឹងភ្លៅទាំងសងខាង និងដងខ្លួន សរុបចំនួន០៤កញ្ចប់ ជាគ្រឿងញៀនប្រភេទ METHAMPHETAMINE ដែលមានទម្ងន់ចំនួន១,៩៩៤.៧២ ក្រាម (មួយពាន់ប្រាំបួនរយកៅសិបបួនក្បៀសចិតសិបពីរក្រាម)៕ អត្ថបទ៖ ឃឹម វិសាល