
ព្រឹទ្ធសភាប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី២ នាព្រឹកថ្ងៃទី២៤ តុលានេះ

ភ្នំពេញ៖ នាថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០នាទីព្រឹក ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៣រូប។
សម័យប្រជុំលើកទី២នេះ បានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយ-ការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៤។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងកំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភារយៈពេលបីខែនេះ ថ្នាក់ដឹកនាំ គណៈកម្មា- ធិការអចិន្រ្តៃយ៍ គណៈកម្មការនានា ក្រុមសមាជិកាព្រឹទ្ធសភា ក្រុមភូមិភាគ និងក្រុមនានា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។
ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន២លើក ដើម្បីរៀបចំរបៀបវារៈ និងកំណត់កាលបរិច្ឆេទប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ និងបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។
ព្រឹទ្ធសភាបានប្រជុំវិសាមញ្ញចំនួន១លើក ដើម្បីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ និងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤។
ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ១៣ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយចំនួន ៥ករណី ទទួលលិខិតឆ្លើយតបពីការដោះស្រាយ
ពាក្យបណ្តឹងចំនួន ២ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន ២ករណី ទទួលឯកសារជូនជ្រាបពីក្រសួងស្ថាប័នពាក់ព័ន្ធចម្លងជូនព្រឹទ្ធសភាចំនួន ១៩ករណី ឆ្លើយតបទៅម្ចាស់បណ្តឹងអំពីចំណាត់ការរបស់គណៈកម្មការចំនួន ២ករណី ព្រមទាំងធ្វើលិខិតរំលឹកជំរុញការដោះស្រាយពាក្យបណ្តឹងបានចំនួន ២ករណី។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបន្ថែមថា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគនានា បានអញ្ជើញចុះឈ្វេងយល់អំពីវឌ្ឍនភាព ព្រមទាំងផ្តល់ និងស្រាវជ្រាវប្រមូលព័ត៌មានអំពី បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១០លើក នៅខេត្តព្រៃវែង តាកែវ កំពត កែប ត្បូងឃ្មុំ កំពង់ធំ ប៉ៃលិន ឧត្តរ-មានជ័យ សៀមរាប និងរាជធានីភ្នំពេញ។ ក្រៅពីនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅតាមបណ្តារាជធានី ខេត្ត និងសម្ពោធអណ្តូងទឹកស្អាតចំនួន២កន្លែង នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពី ពង្រឹងភាពជាតំណាងរបស់សមាជិកាព្រឹទ្ធសភា និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ (ភូមិភាគទី៣ ខេត្តកណ្តាល)។
នៅក្នុងការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមមហាសន្និបាត កិច្ចប្រជុំអន្តរជាតិ វេទិកា និងទស្សនកិច្ចផ្លូវការនានាចំនួន ១១លើក។
នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ គណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់ តាមដានការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលនយោបាយនានា ដែលរាជរដ្ឋាភិបាល បាននឹងកំពុងដាក់ឱ្យអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅលើគ្រប់វិស័យរបស់ប្រជាជននៅទូទាំងប្រទេស។
ជាមួយគ្នានេះ ព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះលទ្ធផល និងសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែល រាជរដ្ឋាភិបាលខិតខំសម្រេចបានដោយសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងប្រសិទ្ធភាព និងគុណភាពមួយថ្មី ដែលឈរលើកំណែទម្រង់លើគ្រប់វិស័យ ជាពិសេស ការតម្រង់ទិសអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៦ នៃរដ្ឋសភា។
ព្រឹទ្ធសភា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់
មជ្ឈដ្ឋាន និងគ្រប់ស្ថាប័ន ជាពិសេសការចូលរួមវិភាគទានដ៏ថ្លៃថ្លាពីប្រទេសជាមិត្ត និងដៃគូនានា ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន និងល្អប្រពៃ៕




