
រដ្ឋបាលខេត្តរតនគិរីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា២០១៨

រតនគិរី៖ នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន រសៀលថ្ងៃព្រហស្បតិ៍១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះរដ្ឋបាលខេត្តរតនគិរី មានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០១៨ ក្រោមអធិបតីភាពឯកឧត្ដម ណាប់ ប៊ុនហេងប្រធានក្រុប្រឹក្សាខេត្តនិងឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោក មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាព តំណាងអង្គភាពសាលាដំបូងខេត្តអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង២០០នាក់។
បន្ទាប់ពីឯកឧត្ដម ឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍ ស្តីពីការអនុវត្តន៍ការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣រយៈពេល៩ខែ ឆ្នាំ២០១៨របស់រដ្ឋបាលខេត្តរតនគិរី រួច មកឯកឧត្ដម លន់ សុភាពអភិបាលរងខេត្ត និងប្រធានលេខាធិការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខេត្តរតនគិរីបានលើកឡើងពីគោលបំណង នៃការរៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះឡើង ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់អង្គភាព និងសមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនក្នុងខេត្ត នាពេលកន្លងមក ឲ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសក្នុងដំណើរការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទាំង៣ ដំណាក់កាល របស់រាជរដ្ឋាភិបាល។
ជាមួយនេះ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានមានប្រសាសន៍ ផ្ដាំផ្ញើរដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តចាត់តាំងអនុវត្តបទបញ្ជារបស់ រាជរដ្ឋាភិបាល ស្ដីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ បន្តផ្សព្វផ្សាយអប់រំអំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន បន្តពង្រឹង និងយកចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះគោលដៅដែលងាយ ឬកើតមានបទល្មើសគ្រឿងញៀន ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែ សកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់ផលិត កែច្នៃ និងចរាចរណ៍គ្រឿងញៀនក្នុងខេត្ត។
ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំ និងគ្រប់គ្រងកម្លាំងក្រោមឱវាទ របស់ខ្លួនឲ្យបានតឹងរ៉ឹងកុំឲ្យមានការជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាពនៃបទល្មើសគ្រឿងញៀន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង និងត្រូវបន្តពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបានតឹងរ៉ឹងបំផុត។
គួរបញ្ជាក់ផងដែរថា ៩ខែ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាល និងសមត្ថកិច្ចកងរាជអាវុទ្ធហត្ថខេត្តរតនគិរី ករណីលក់ដូរនិងចែកចាយគ្រឿងញៀនបានចំនួន ៦៥លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន១២៥នាក់ ស្រី៣៧នាក់។ក្នុងនោះមាន៖ការបង្រ្កាបតាមដីកាបានចំនួន៨លើក ឃាត់ខ្លួនជនសង្ស័យ៧មុខសញ្ញា ស្រី៤នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន មេតំហ្វេតាមីនប្រភេទ(ICE)ចំនួន៣៨៤កញ្ចប់ មានទម្ងន់ ២,៣២៤,៣៦ក្រាមនិងមេតំហ្វេតាមីនWY៣គ្រាប់ ទូរស័ព្ទចំនួន៥៨គ្រឿងរថយន្តចំនួន២គ្រឿង ម៉ូតូចំនួន២៣គ្រឿង ដាវសាំម៉ូរ៉ៃចំនួន១៦ដើម ជញ្ជីងថ្លឹងគ្រឿងញៀន៧គ្រឿងប្រាក់ចំនួន៤លាន៣មឺុន៥រយរៀល ប្រាក់ដុងចំនួន២២មឺុនដុង ប្រាក់ឡាវចំនួន៧មឺុន៧ពាន់គីបចិញ្ជៀន៦វង់ ខ្សែករ២ កងដែ៦ ក្រវិល២គូនិងបន្តោងព្រះ១ កាំភ្លើងកែឆ្នៃ៤ដើម។ជនសង្ស័យនិងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕ ប៉េស សារី

