ចក្រភពអង់គ្លេស ពេញចិត្តចំពោះកម្មវិធីសាលាជំនាន់ថ្មីរបស់កម្ពុជា ហើយសន្យាជួយគាំទ្រ តាមដែលអាចធ្វើទៅបាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ព្រះនាង បេតត្រីស (Beatrice of York) ត្រូវជាចៅស្រីរបស់ម្ចាស់ក្សត្រី អេលីសាបេតទី២ នៃចក្រភពអង់គ្លេស និងមានការអមដំណើរដោយ ឯកអគ្គរាជទូតចក្រភព​អង់គ្លេស ប្រចាំព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨​ បានយាងទស្សនៈកិច្ច នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយផ្តោតសំខាន់ចង់ស្វែងយល់ ពីកម្មវិធីសាលារៀនជំនាន់ថ្មី ដែលវិទ្យាល័យព្រះស៊ីសុវត្ថិ បាននឹងកំពុងអនុវត្ត អស់រយៈពេលប្រមាណ៣ឆ្នាំកន្លងមកហើយ។


បើតាម​លោក ឃឺត ប្រេតឌែនប៊ើក ទីប្រឹក្សាបច្ចេកទេស អង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា ដែលជួយគាំទ្រផ្នែកបច្ចេកទេស ដល់កម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះ បានប្រាប់ឲ្យដឹងថា ដំណើរទស្សនៈកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងចំនួន២ ទី១.ដើម្បីផ្សព្វផ្សាយពីគំនិត និងខ្លឹមសារ នៃសាលារៀនជំនាន់ថ្មី និងទី២.ដើម្បីលើកទឹកចិត្ត ដល់អ្នកដែលជម្រុញ ឲ្យមានកម្មវិធីសាលារៀនជំនាន់ថ្មីនេះ ជាពិសេស ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។


លោកទីប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា ចក្រភពអង់គ្លេស ពេញចិត្តចំពោះកម្មវិធីសិក្សាថ្មីនេះ ហើយសន្យានឹងជួយគាំទ្រ តាមដែលអាចធ្វើទៅបាន ចំពោះកម្មវិធីសិក្សានេះ។
 
លោក ប្រេតឌែនប៊ើក បានប្រាប់ឲ្យដឹងដែរថា កម្មវិធីសាលាជំនាន់ថ្មីនេះ គឺជាកម្មវិធីល្អមួយ ដែលជម្រុញឲ្យលោកគ្រូអ្នកគ្រូ ខិតខំប្រឹងប្រែង ជួយបណ្តុះបណ្តាលដល់យុវជនកម្ពុជា។


សូមជម្រាបថា កម្មវិធីសាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ត្រូវបានដាក់ឲ្យអនុវត្ត ចាប់តាំងពី​ឆ្នាំ២០១៥មក។ ដោយឡែក នៅទូទាំងប្រទេស កម្មវិធីសាលារៀនជំនាន់ថ្មី មានចំនួន១១សាលា ហើយសម្រាប់គម្រោងនាពេលអនាគត របស់ក្រសួងអប់រំ គឺដាក់ឲ្យអនុវត្ត យ៉ាងហោចណាស់ ២សាលារៀនជំនាន់ថ្មី ក្នុងមួយខេត្ត៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation