អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមជួសជុលស្ពានបុរាណតាអោងដំណាក់កាលទី២

សៀមរាប៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណមួយ កសាងឡើងនៅក្នុងសម័យអង្គរ ដែលកំពុងមានភាពទ្រុឌទ្រោម។
មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុលស្ពាន លោក ពុទ្ធ សុទ្ធ ឱ្យដឹងនៅថ្ងៃទី០៥ ខែមេសានេះថា នេះជាដំណាក់កាលជួសជុលលើកទីពីរ ដែលចាប់ផ្ដើមអនុវត្តនៅដើមខែមេសារហូតដល់ខែសីហា ឆ្នាំ២០២២ខាងមុខ ដោយប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា។ លោកបន្តថា នៅផ្នែកខាងត្បូងរបស់ស្ពានតាអោង គឺមានការទ្រុឌទ្រោមខ្លាំងដូចជា ថ្មរលុះធ្លាក់២កន្លែង និងជញ្ជាំងស្ពានរហែកចេញមួយកន្លែង។
លោក ពុទ្ធ សុទ្ធ បញ្ជាក់ទៀតថា ដំណើរការជួសជុលពេលនេះ គឺ ក្រុមការងារបានធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ជួសជុលថ្ម ពង្រឹងសសរស្ពានដែលរលុះធ្លាក់ ព្រមទាំងជួសជុលជញ្ជាំងរហែកខាងកើតឱ្យត្រូវ តាមលំនាំដើមឡើងវិញ។ ជាមួយគ្នានេះដែរ ក៏មានការជួសជុលពង្រឹងដៃបង្កាន់នាគដាក់ចូលទីតាំងដើមឡើងវិញ សរុបប្រវែង ៧០ម៉ែត្រ។
សូមជម្រាបថាស្ពានបុរាណតោអោងសាងសង់ឡើងអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩ធ្វើអំពីថ្មភក់ និងមានព្រះពុទ្ធ សមាធិនៅចំកណ្តាលក្បាលនាគ។ ស្ពាននេះ សាងឡើងនាសម័យអង្គរក្នុងរចនាប័ទ្មបាយ័ន ដោយយោងទៅលើបង្កាន់ដៃនាគ។
កាលពីឆ្នាំ២០២០ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលស្ពានតាអោងនេះម្តងមកហើយនៅដំណាក់កាលទីមួយ ដោយកាលណោះ ការជួសជុលបានធ្វើនៅផ្នែកខាងជើងដូចជា បង្កាន់ដៃនាគ ពង្រឹងជញ្ជាំងសសរចំនួន១១ និងការកាយដីកកស្ទះ ដើម្បីសម្រួលដល់ផ្លូវទឹកហូរឆ្លងកាត់៕
អត្ថបទ៖ ជា ស្រស់
