ព័ត៌មានជាតិ

សម្តេចតេជោ៖ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមក្នុងវិស័យការបរទេសរបស់ព្រះមហាក្សត្រ កម្ពុជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ

image

នៅលើទំព័រហ្វេសបុកសម្តេចតេជោ នាថ្ងៃនេះ សម្តេចតេជោ មានប្រសាសន៍ថា នៅក្នុងឱកាស នៃព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩-តុលា ២០០៤-២៩ តុលា ២០១៨) សម្តេចតេជោ និងភរិយា សូមព្រះរាជានុញ្ញាត តាងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតលំអោនកាយវាចាចិត្តក្រាបបង្គំសម្ដែងថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យសិរីមង្គល បវរមហាប្រសើរគ្រប់យ៉ាង ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅស្មោះស្ម័គ្របំផុតចំពោះព្រះរាជមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហាធម៌ប្រកបដោយទសពិធរាជធម៌របស់ព្រះករុណាជាពិសេសចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ។


ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមក្នុងវិស័យការបរទេសរបស់ព្រះករុណាជាអម្ចាស់ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រីកនីតិរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ជាតិឱ្យកាន់តែមានសន្ទុះរីកចម្រើនជឿនលឿនខ្លាំងក្លាបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល។


សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍៕