ព័ត៌មានជាតិ

ម្កុដរាជ្យ និងព្រះខ័នរាជ្យបច្ចុប្បន្ន នៃព្រះរាជជាណាចក្រកម្ពុជា

image

ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានប្រវត្ដិព្រះមហាក្សត្រកាន់អំណាច ជាង២ពាន់ឆ្នាំមកហើយ។

ការគ្រប់គ្រងប្រទេស របស់ព្រះមហាក្សត្រខ្មែរ ត្រូវបានធ្វើឡើងដោយគេមានជំនឿថា ត្រូវតែមានម្កុដរាជ្យ និងព្រះខ័នរាជ្យ ជាសក្ខីភាពនៃភាពអស្ចារ្យក្នុងអំណាច ហើយម្កុដរាជ្យ និងព្រះខ័នរាជ្យ ត្រូវប្រជារាស្រ្តកម្ពុជា ចាត់ទុកថា ជាវត្ថុដ៏ស័ក្ដិសិទ្ធិ សម្រាប់ព្រះមហាក្សត្រកម្ពុជា និងប្រជារាស្រ្តទូទាំងនគរគោរពបូជា។ ម្កុដរាជ្យ និងព្រះខ័នរាជ្យ គឺជាសញ្ញាដ៏ខ្ពង់ខ្ពស់ នៃរាជនិយម ជំនឿរបស់ជនជាតិខ្មែរ ទៅលើឫទ្ធិបារមី និងទសពិធរាជធម៌ នៃព្រះរាជា ដែលពីបូរាណកាលជនជាតិខ្មែរហៅថា ព្រះចៅក្រុងកម្ពុជាធិបតី។

កាលពីបូរាណកាល ព្រះមហាក្សត្រ តំណាងឲ្យរដ្ឋ ព្រះអង្គមានឫទ្ធិអំណាចធំធេងឥតត្រើយត្រាណ និងត្រូវបានគោរព ក្នុងឋានៈជាអ្នកដឹកនាំប្រទេសជាតិ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល និងស្ថាប័នរដ្ឋទាំងអស់។ ព្រះរាជជាណាចក្រកម្ពុជា ជំនាន់មុនៗ ប្រកាន់នូវរបបរាជទាយាទ ព្រះមហាក្សត្រគ្រប់គ្រងនគរ តាមរយៈការផ្ទេរអំណាច ពីព្រះបិតា ឬព្រះញាតិវង្សរបស់ខ្លួន។

ក៏ប៉ុន្តែសព្វថ្ងៃនេះ រដ្ឋធម្មនុញ្ញកម្ពុជា នៅក្នុងជំពូកទី២ កំណត់ពីតួនាទី ព្រះមហាក្សត្រថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រង់រាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រទ្រង់ ជាព្រះប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។

រូបភាពនេះ គឺម្កុដរាជ្យ និងព្រះខ័នរាជ្យ ដែលស្ថិតនៅក្នុងប្រាសាទទេវាវិនីឆ័្ឆយ ក្នុងឱកាសគ្រង់រាជ្យសម្បត្តិនៃព្រះករុណា ជាអម្ចាស់ជីវិតដម្កល់លើត្បូងសីហមុនី នាថ្ងៃទី២៩ តុលា ២០០៤ ពោលគឺ១៤ឆ្នាំមុននេះ។

ម្កុដរាជ្យ និងព្រះខ័នរាជ្យថ្មី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រុមប្រឹក្សារាជសម្បតិ្ត ដែលរួមមានទាំងសម្តេចហ៊ុនសែន ជាសមាជិកដ៏មានឥទ្ឋិពលធំធេងមួយរូបផងនោះ បានរៀបចំកសាងឡើងវិញ សម្រាប់ព្រះរាជាណាចក្រកម្ពុជាទី២ បន្ទាប់ពីសម័យសង្គ្រាម។

ក្រុមអ្នកស្រាវជ្រាវវប្បធម៌ខ្មែរ និងបរទេសទេស បានចាត់ទុក ជាម្កុដរាជ្យ និងព្រខ័នរាជ្យ ជានិមិត្តរូបថ្មី នៃការបង្រូបបង្រួមជាតិកម្ពុជា ក្រោមព្រះរាជតម្រិះរបស់ព្រះបរមរតនកោដ្ឋ។

លោក Jullio A JEedres អ្នកនិពន្ឋជីវប្រវត្ដិផ្លូវការ នៃព្រះបរមរតនកោដ្ឋ បានហៅម្កុដរាជ្យ និងព្រះខ័នរាជកម្ពុជា នៅក្នុងសៀវភៅ"រាជវង្សានុវង្សកម្ពុជា"ថា ជានិមិត្តរូបនៃជំនឿសាសនាខ្មែរផងនិងអធិបតេយ្យភាពជាតិកម្ពុជាផង។

ប្រជាជនកម្ពុជា មានជំនឿយ៉ាងមុតមាំថា ម្កុដរាជ្យ និងព្រះខ័នរាជ្យ ដែលនៅក្នុងវាំងបច្ចុប្បន្ននេះ ជាវត្ថុទិព្វ ជាទីសក្ការៈ ជួយឲ្យប្រទេសជាតិ ត្រជាក់ត្រជុំចម្រើនថ្កើងថ្កាន វិស័យដូចទឹកអម្រិត ពីសួគ៌ាលៃ។

សូមជម្រាបថា រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន បញ្ជាក់អំពីនាទីរបស់ក្រុមប្រឹក្សារាជសម្បត្តិដែល ត្រូវជ្រើងតាំងព្រះមហាក្សត្រ ដោយហេតុថា របបរាជានិយមកម្ពុជា បច្ចុប្បន្នជារបបជ្រើសតាំង ព្រះមហាក្សត្រទ្រងអត់មានព្រះរាជអំណាច ចាត់តំាងក្សត្រគ្រងរាជសម្បតិបន្ទាប់ពីព្រះអង្គឡើយ។ ផ្ទុយទៅវិញ អំណាចនេះ ត្រូវប្រគល់ឲ្យក្រុមប្រឹក្សារាជសម្បត្តិ ដែលរូមមានសមភាព ប្រធានព្រឹទ្ឋសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី សម្តេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិ-កនិកាយ និងអនុប្រធានទី១ និងអនុប្រធានទី២ព្រឹទ្ឋសភា៕(អត្ថបទ៖ ខៀវ កូឡា )