បុណ្យទន្លេលើកទី៥ នឹងរៀបចំធ្វើឡើងនៅខេត្តកំពង់ឆ្នាំង
| ព័ត៌មានជាតិ
SHARE

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកខេត្តកំពង់ឆ្នាំង សម្រាប់ប្រារព្ធពិធីបុណ្យទន្លេលើកទី៥ ហើយឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្ត បានចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង និងបើកកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ។

ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងនេះ គ្រោងនឹងរៀបចំរយៈពេល៣ថ្ងៃ នៅអំឡងខែមីនា ឆ្នាំ២០១៩ ដោយមានព្រឹត្តិការណ៍ និងសកម្មភាពកីឡា ទេសចរណ៍ វប្បធម៌ជាច្រើន ដូចជា ការប្រកួតកីឡាលើទឹក លើគោក ពិធីដាំដើមឈើ ការរៀបចំសិក្ខាសាលា ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការប្រគុំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់ខេត្ត បង្កើតមុខរបរ ប្រាក់ចំណូល និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ជាងនេះទៀត ខេត្តកំពង់ឆ្នាំងនឹងក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ ភាពស្អាត បៃតង និងបដិសណ្ឋារកិច្ចល្អ។

ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើងក្នុងគោលបំណង អភិវឌ្ឍខេត្តតាមដងទន្លេកម្ពុជាឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យាភាពរវាងផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្កម និងវប្បធម៌។
ប្រជាជនដែលរស់នៅតាមបណ្ដោយទន្លេមេគង្គទាំង៦ប្រទេសនេះ មានប្រមាណ ៩០លាននាក់ ក្នុងនោះកម្ពុជាមានប្រជាជនប្រមាណ ៥លាននាក់ (១ភាគ៣ នៃប្រជាជនសរុប) រស់នៅតាមបណ្ដោយទន្លេមេគង្គ (បើគិតរួមបញ្ចូលប្រជាជនដែលរស់នៅតាមខេត្តជុំវិញបឹងទន្លេសាប និងទន្លេផ្សែងៗទៀត អាចមានដល់ទៅ ១៣លាននាក់)។

សូមជម្រាបថា សម្រាប់បុណ្យទន្លេលលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ មានភ្ញៀវសរុបប្រមាណ ១០ម៉ឺននាក់, ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម មានភ្ញៀវសរុបប្រមាណ ៥០ម៉ឺននាក់, ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង មានភ្ញៀវសរុបប្រមាណ ១៤ម៉ឺននាក់, ឆ្នាំ២០១៨ នៅខេត្តកណ្ដាល មានភ្ញៀវសរុបប្រមាណ ១.៥លាននាក់៕ (អត្ថបទ អៀវ ឈៀងនី )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation