ខេត្តស្ទឹងត្រែង:ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ តុលាឆ្នាំ ២០១៨ នៅចំណុចវាលប៉ារ៉ាភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
នគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះជួប ឌៀវ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
នគរបាលបានបន្តថាមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ខណៈដែលជនសង្ស័យធ្វើសកម្មភាពនាំគ្រឿងញៀនឆ្លងដែនចូលមកទឹកដីកម្ពុជាត្រូវបានកម្លាំងការិយាល័យទី៨នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនតែម្តង។
លោកថាក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងគ្រឿងញៀនចំនួន៥កញ្ចប់ធំប្រភេទមេតំហ្វេតាមីន (ice) ប្រហែល៥គីឡូក្រាមនិងបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
បច្ចុប្បន្នវត្ថុតាងគ្រឿងញៀនចំនួន៥កញ្ចប់ធំរួមជាមួយជនសង្ស័យកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តនឹងធ្វើការត្រួតពិនិត្យទៅលើគ្រឿងញៀនដើម្បីរៀបចំធ្វើតេស្តបឋមនិងរៀបចំសំណុំឯកសារចាត់ការតាមនីតិវិធី។