សាច់ញាតិជនរងគ្រោះ សម្តែងភាពមិនអស់ចិត្ត ចំពោះសោកនាដកម្មធ្លាក់យន្ដហោះដ៏ថ្មីស្រឡាងនៅឥណ្ឌូណេស៊ី
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានជួបសំណេះសំណាលជាមួយសាច់ញាតិ របស់អ្នក ដំណើរយន្តហោះ Boeing 737 MAX 8 Flight JT-610 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ឥណ្ឌូណេស៊ី ដែលបានចូលធ្លាក់ក្នុង សមុទ្រដោយសម្លាប់មនុស្ស ១៨៩នាក់។

ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានសម្តែងការសោកស្តាយជាពន់ពេកចំពោះការបាត់បង់នៃមនុស្សជាទីស្រលាញ់របស់ខ្លួនក្នុងពេលតែមួយប៉ប្រិចភ្នែកនិងនៅតែសម្តែងភាពមិនអស់ចិត្ត ចំពោះហេតុការណ៏ធ្លាក់យន្ដហោះដ៏ថ្មីស្រឡាងដែលទើបប្រើ ប្រាស់ត្រឹមតែ ២ខែ ខណៈដែល អាកាសយានិកក៏ជាអ្នកមានបទពិសោធន៍ខ្ពស់ ហើយស្ថានភាពអាកាសធាតុល្អប្រសើរទៀត នោះ។
ប្រធានាធិបតី Joko Widodo បានបញ្ជាឱ្យមានការស៊ើបអង្កេតមួយហើយបានជំរុញប្រជាជនឥណ្ឌូនេស៊ីឱ្យ «បន្ដអធិស្ឋាន» ទៅដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះ។

ហេតុការណ៏គ្រោះថ្នាក់ធ្លាក់យន្តហោះនេះ ជះឥទ្ធិពលអវិជ្ជមានកាន់តែខ្លាំងសម្រាប់វិស័យឧស្សាហកម្មអាកាសចរណ៍របស់ ឥណ្ឌូណេស៊ី ដែលទើបតែបានរួចហផុតពីបំរាមរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ចំពោះក្តីកង្វល់អំពីសុវត្ថិភាពនៃ ការហោះហើររបស់ប្រទេសនេះ។

មកដល់ថ្ងៃអង្គារនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបង្កើនការស្វែងរកសាកសពជនរងគ្រោះ ហើយបានដាក់ពង្រាយ ផ្កាយរណប ក្រោមទឹករុករកប្រអប់ខ្មៅរបស់យន្តហោះ ដើម្បីឈានទៅស្រាវជ្រាវរកមូលហេតុអ្វីពិតប្រាកដដែលបណ្តាលអោយយន្ដហោះដ៏ថ្មី មួយគ្រឿងនេះ ធ្លាក់ចូលសមុទ្រ បន្ទាប់ពីហោះហើរចេញពីព្រលានយន្តហោះនៃរដ្ឋធានីហ្សាកាតា បានត្រឹមតែ ១៣នាទីនោះ។

អ្វីដែលគួរអោយកត់សម្គាល់នោះ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN ដែលផ្សាយនៅថ្ងៃទី៣០ ខែតុលា នេះ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Soekarno-Hatta ក្នុងទីក្រុងTangerang នៃរដ្ឋធានីហ្សាកាតា យន្តហោះLion Air JT 610 បានស្នើសុំមន្ត្រីគ្រប់គ្រង់អាកាសចរណ៍ដើម្បីវិលត្រឡប់មូលដ្ឋានដើមវិញ។ CNN បានដកស្រង់សម្តី អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍ឥណ្ឌូនេស៊ីថា មុនធ្លាក់ចូលសមុទ្រ យន្តហោះនេះ បានស្នើសុំការអនុញ្ញាត វិលត្រឡប់មកវិញ បន្ទាប់ហោះហើរបានប្រហែល១២ ម៉ាយ ប៉ុន្ដែមិនបានបញ្ជាក់ថា មានភាពអាសន្ននោះទេ។

ហើយ ក្នុងស្ថានភាពនេះ យន្តហោះនេះនឹងត្រូវបានផ្តល់អាទិភាព ប៉ុន្តែជាអកុសល មន្ត្រីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស មិនអាចទំនាក់ទំនងជាមួយយន្ដហោះបានឡើយ។ ហើយយោងតាមប្រព័ន្ធរ៉ាដា យន្តហោះមិនបានវិលត្រឡប់មកវិញទេ គឺបានធ្លាក់ចូលទៅក្នុងសមុទ្រក្បែររដ្ឋធានី ហ្សាកាតាក្នុងរយៈពេល១៣នាទីក្រោយពីចេញដំណើរ។

គួរជម្រាបថា យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុងPangkal Pinang នៃកោះ Bangka Belitung នៃចង្កោមកោះស៊ូម៉ាត្រា ជាមួយអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៏ ១៨៩នាក់ ក្នុងនោះមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation