ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦ ត្រូវបានចុះហត្ថលេខាស្ថាបនាដោយទទួលកម្ចីសម្បទានពីធនាគារADB

image

ភ្នំពេញ៖ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយនឹងក្រុមហ៊ុន Korea consultant International (KCI) ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ៣១ខែតុលាឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន។


នៅក្នុងពិធីចុះហត្ថលេខានោះ ឯកឧត្តមស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលកម្ចីសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ីADB លើគម្រោងកែលម្អបណ្ដាញផ្លូវថ្នល់ចំនួន៧០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់លើកកម្ពស់និង ថែរក្សា ផ្លូវជាតិលេខ១ អ្នកលឿង-បាវិត និងផ្លូវជាតិលេខ៦ សៀមរាប-ក្រឡាញ់ ដែលមានប្រវែងសរុប១៤៥.៥៨គីឡូម៉ែត្រ។


រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ផងដែរថា គម្រោងស្ថាបនាកំណត់ផ្លូវជាតិទាំងពីរនេះ នឹងសាងសង់ឱ្យ មានកម្រាស់ក្រាស់លើសពីកំរិតផ្លូវកៅស៊ូ DBSTបច្ចុប្បន្ន ដោយវិវត្តន៍ទៅកម្រាសកៅស៊ូ AC រួមទាំងការស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញ។ កំណាត់ផ្លូវទាំងពីរខ្សែនេះនឹងចាប់ផ្ដើមការដ្ឋានស្ថាបនា ពីខែមករាឆ្នាំ២០១៩ រហូតដល់ ខែមិថុនាឆ្នាំ ២០២៣ ដែលមានរយៈពេលសរុប៥៤ខែ គឺការស្ថាបនារយៈពេល១៨ខែ និងការបន្តថែរក្សារយៈពេល៣៦ខែ។


ឯកឧត្តមស៊ុន ចាន់ថុល បញ្ជាក់បន្ថែមថា គម្រោងកែលម្អបណ្ដាញផ្លូវថ្នល់នេះផងដែរ ក៏នឹងមានការស្ថាបនាមន្ទីរពិសោធន៍ចំនួន ៤ នៅខេត្តក្រចេះ ខេត្តកំពត ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ដើម្បីបង្កលក្ខណៈឲ្យក្រសួង សាធារណការនិងដឹកជញ្ជូន ធ្វើការត្រួតពិនិត្យបច្ចេកទេសការស្ថាបនាផ្លូវថ្នល់ឲ្យមានគុណភាពកាន់តែរឹងមាំ។ ដោយឯកឧត្តមរដ្ឋមន្ត្រី បានដាស់តឿនឱ្យ ក្រុមហ៊ុនដែលទទួលការស្ថាបនាផ្លូវទាំង២ខ្សែខាងលើនេះធ្វើយ៉ាងណាពង្រឹងគុណភាពទៅតាមស្តង់ដារ ដើម្បីឲ្យផ្លូវនេះប្រើប្រាស់ បានយូរអង្វែង៕អត្ថបទ៖វង្ស សុភក្ត្រ


ព័ត៌មានទាក់ទង...