ស្ត្រីពពោះជំនួស៣២នាក់ ស្លាប់កូន និងកូនរលូត ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញៈ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ របស់គណៈកម្មាធិការប្រឆាំងការជួញដូរមនុស្ស មានប្រសាន៍ក្រោយពីបើកកិច្ចប្រជុំ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីម្សិលមិញថា មេធាវីការពារឲ្យស្រ្តីពពោះជំនួសចំនួន៣២នាក់ ដែលស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន គឺគណៈកម្មការជាអ្នកផ្តួចផ្តើម ដោយសារស្ត្រីទាំងអស់នោះ ជាពិសេសស្ត្រីម្នាក់ដែលបានសម្រាលកូនហើយ កូនរបស់គាត់ស្លាប់ និងស្ត្រីបីនាក់ទៀតកូនរលូតតាំងពីសមត្ថកិច្ចមិនទាន់បង្ក្រាប។


លោកស្រីបញ្ជាក់ថា ស្ត្រីដែលកូនស្លាប់ និងស្ត្រីដែលកូនរលូត មានន័យថា គាត់គួរតែត្រូវបាននៅក្រៅឃុំហើយ។ ចំពោះស្ត្រីដែលបានសម្រាលកូនហើយ ក៏គណៈកម្មការចង់ឲ្យគាត់មើលថែទាំកូននៅក្រៅឃុំដែរ ប៉ុន្តែវាអាស្រ័យនឹងទឡ្ហីករណ៍ ដែលតុលាការអាចជឿជាក់ថា គាត់នៅក្រៅឃុំតើគាត់នឹងប្រព្រឹត្តបទល្មើសបន្តទៀតទេ ដោយសារតែកូននៅក្នុងដៃគាត់ ហើយបើគាត់ចង់ដោះដូរកូននៅពេលណា គឺជារឿងមួយដែលគាត់នឹងអាចធ្វើ បើគាត់នៅតែមានចេតនា។


គណៈកម្មការក៏ត្រូវការវិធានការមួយចំនួន ហេតុនេះរង់ចាំមើលថា តើតុលាការសម្រេចយ៉ាងណា ចំពោះករណីនេះ។ គណៈកម្មការបានទំនាក់ទំនងជាមួយមេធាវី ដើម្បីឲ្យមេធាវីជួយរៀបចំសារជូនគាត់។គណៈកម្មការគឺគ្មានចេតនាចង់ធ្វើឲ្យមានភាពអយុត្តិធម៌ទៅលើស្ត្រីទាំងអស់នោះទេ វាអាស្រ័យនិងទង្វើរបស់ពួកគាត់ទេ។


សូមជម្រាបថា ការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០១៨ បានឃាត់ខ្លួនមនុស្សចំនួន ៣៥នាក់ ក្នុងនោះមាន ៣២នាក់ជាស្រ្តីមានផ្ទៃពោះ ដែលជាអ្នកពពោះជំនួស និងមេខ្យល់ ៥នាក់ ក្នុងនោះមានម្នាក់ជាជនជាតិចិន នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រុមស្រ្តីមានផ្ទៃពោះត្រូវចោទប្រកាន់ពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន» ក្រោមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម។ ចំណែកមេខ្យល់ត្រូវចោទពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន និងបទអន្តរការីជាមួយស្រ្តីពពោះ»៕អត្ថបទ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation