ក្រសួងការបរទេសចិននិយាយថា ចិនប្រឆាំងរាល់ទំនាក់ទំនងយោធារវាងអាមេរិកនិងកោះតៃវ៉ាន់
| ព័ត៌មានអន្តរជាតិ
SHARE

ចិន៖ កាលពីថ្ងៃពុធ នៅឯសន្និសីទជាទៀងទាត់មួយ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំលឹកឡើងវិញនូវជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលជំទាស់យ៉ាងដាច់អហង្ការ ចំពោះការផ្លាស់ប្តូរជាផ្លូវការនូវដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ និងសហប្រតិបត្តិការផ្នែកយោធា រវាងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់។

ការព្រមានជាថ្មីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្វើឡើងបន្ទាប់ពី អនុមន្ត្រីការពារជាតិនៃកោះតៃវ៉ាន់ លោក Chang Guan-chung បានអញ្ជើញទៅចូលរួមសន្និសីទឧស្សាហកម្មការពារជាតិ អាមេរិក-តៃវ៉ាន់ ដែលបានប្រព្រឹត្តទៅនៅរដ្ឋ Maryland កាលពីដើមសប្តាហ៍នេះ។

ជាការឆ្លើយតបនឹងការលើកឡើងរបស់ចិន លោក Brent Christensen ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងនៅតែបន្តលក់សព្វាវុធយោធាទំនើបទៅអោយកោះតៃវ៉ាន់ ស្របពេលដែលខ្លួនកំពុងបង្កើនយុទ្ធនាការលើកកម្ពស់ការចូលរួមរបស់ខ្លួននៅក្នុងសហគមន៍អន្ដរជាតិ ដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងព្យាយាមទប់ស្កាត់នោះ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកោះតៃវ៉ាន់ បន្ថែមថា រាល់ការប៉ុនប៉ងដើម្បីកំណត់អនាគតរបស់តៃវ៉ាន់ "ក្រៅពីមធ្យោបាយសន្តិភាព"ពីសំណាក់ប្រទេសចិន គឺជាការគំរាមកំហែងចំពោះសន្តិសុខក្នុងតំបន់ និងជាបញ្ហាដ៏រសើបមួយដែលសហរដ្ឋអាមេរិក មានការព្រួយបារម្ភជាខ្លាំង។

ក្រៅពីបញ្ហាកោះតៃវ៉ាន់ ចិននិងអាមេរិក ក៏ខ្វែងគំនិតគ្នាលើបញ្ហាថ្មីមួយទៀតនោះគឺ កាលពីថ្ងៃពុធ ក្រសួងការបរទេសចិន បានប្រកាសច្រានចោលនូវរាល់ការចោទប្រកាន់ ដែលថា មន្រ្តីចារកម្មចិនបានធ្វើចារកម្មពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក និងបានលួចព័ត៌មានអំពីម៉ាស៊ីនយន្ដហោះនោះ។

ការប្រកាសបដិសេដរបស់ក្រសួងការបរទេសចិនបែបនេះ បន្ទាប់ពីមនុស្ស៨នាក់ រាប់បញ្ចូលទាំងមន្រ្តីដែលកំពុងធ្វើការនៅផ្នែកស៊ើបការណ៍បរទេសនៃក្រសួងសន្តិសុខរបស់ប្រទេសចិន ត្រូវបានចោទប្រកាន់ដោយតុលាការសហព័ន្ធទីក្រុងSan Diego រដ្ឋCalifornia ពីបទរួមគំនិតលួចយកបច្ចេកបច្ចេកវិទ្យាម៉ាស៊ីន turbofan ដែលត្រូវបានប្រើវិស័យអាកាសចរណ៍របស់អាមេរិកពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៥។ ប៉ុន្តែ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន បានហៅការចោទប្រកាន់នេះថា «ជាការចោទដោយគ្មានមូលដ្ឋាន និង ប្រឌិតទាំងស្រុង» ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation