រ៉ូហ៊ីងយ៉ា៖ សោកសៅនៅមិនទាន់ចប់
| ព័ត៌មានអន្តរជាតិ
SHARE

វិបត្តិរ៉ូហ៊ីងយ៉ា នៅប្រទេសមីយ៉ាន់ម៉ា(ភូមា) ដែលកើតមានឡើង ក្នុងអំឡុងប្រមាណ២ឆ្នាំចុងក្រោយនេះ បានក្លាយទៅជាវិញ្ញាសា ដ៏ចាក់ស្រេះមួយសម្រាប់មុខតំណែង រដ្ឋមន្រ្តីក្រសួងការបរទេស និងជាទីប្រឹក្សារដ្ឋ គឺលោកស្រី អ៊ុងសាន ស៊ូជី ដែលធ្លាប់ជាជ័យលាភីពាន់រង្វាន់ណូប៊ែលសន្តិភាព។


ចាប់តាំងពីឆ្នាំទៅមក មានជនជាតរ៉ូហ៊ីងយ៉ា ដែលគោរពប្រតិបត្តិសាសនាមូស្លីម នៅរដ្ឋរ៉ាក់ឃីន ប្រទេសមីយ៉ាន់ម៉ា ជាង៧០ម៉ឺននាក់ បានរត់គេចចេញទៅជ្រកកោន នៅប្រទេសប្លង់ក្លាដែសក្បែរខាងយ៉ាងលំបាកវេទនា គេចចេញពីការធ្វើទុក្ខបុកម្ទេញ រំលោភសម្លាប់ និងដុតផ្ទះសម្បែងពីសំណាក់អាជ្ញារមីយ៉ាន់ម៉ា ជាពិសេសពីទាហានមីយ៉ាន់ម៉ា។


ក្រុមសិទ្ធិមនុស្សអន្តរជាតិ បានបង្កើតឡើងនូវឯកសារដោយបង្ហាញភ័ស្តុងតាងថា កងយោធាមីយ៉ាន់ម៉ា ជាអ្នករៀបចំផែនមានការបង្ហូរឈាម ដែលធ្វើឲ្យជនជាតិរ៉ូហ៊ីងយ៉ាយាងតិច១ម៉ឺននាក់ ត្រូវបានផ្តាច់ផ្តិលជីវិត។ នេះបើយោងតាម ការប៉ាន់ប្រមាណពីអង្គការសហប្រជាជាតិ។


តែទោះជាយ៉ាងនេះក្តី លោកស្រី អ៊ុងសាន ស៊ូជី បានច្រានចោល ចំពោះការរិះគន់ទាំងឡាយណាដែរថា កងយោធាមីយ៉ាន់ម៉ា ប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សបែបនេះ។ លោកស្រីថ្លែងបែបនេះ នៅឯវេទិកាសេដ្ឋកិច្ចស្តីពីអាស៊ាន ដែលធ្វើឡើងនៅឯទីក្រុងហាណូយ នាពេលកន្លងមក។


លោកស្រី បានអះអាងថា កងយោធាមីយ៉ាន់ម៉ា និងអាជ្ញាធររបស់លោកស្រីមិនបានធ្វើយ៉ាងដូច្នេះ ទៅលើក្រុមជនភាគតិចនៅរដ្ឋរ៉ាក់ឃីននោះឡើយ។ លោកស្រីសង្កត់ធ្ងន់ថា "រដ្ឋាភិបាលយើងខ្ញុំត្រូវការពារពួកគេ មនុស្សខ្លះនៅលើពិភពលោកបានចោទប្រកាន់យើងខ្ញុំ ដោយសារពួកគេចង់បានប្រយោជន៍នៅក្នុរឿងនេះ"។


នៅប្រទេសមីយ៉ាន់ម៉ា រឿងរ៉ាវទាំងអស់នេះ បានកើតឡើងដោយសារ ក្រុមជនភាគតិចរ៉ូហ៊ីងយ៉ាមួយក្រុម បានធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិស និងបន្ទាយទាហាន កាលពីខែសីហាឆ្នាំ២០១៧កន្លងមក ដោយបានសម្លាប់មន្រ្តីសន្តិសុខមីយ៉ាន់ម៉ាច្រើនសិបនាក់។ ក្រោមមកទៀតទង្វើនេះ បានធ្វើឲ្យកងយោធាមីយ៉ាន់ម៉ាខឹងសម្បាយ៉ាងខ្លាំង ហើយក៏បានប្រព្រឹត្តអំពើហិង្សានានា និងដាក់បម្រាមផ្សេងៗ មិនឲ្យក្រុមជនរ៉ូហ៊ីងយ៉ាទទួលបានការអប់រំ និងថែទាំងសុខភាព នូវកន្លែងដែលពួកគេធ្លាប់ចូលទៅទទួលសេវាទាំងអស់នោះ។


លោកស្រី អ៊ុងសាន ស៊ូជី បានខិតខំការពារខ្លួនពីការចោទប្រកាន់នេះ ដោយថ្លែងអះអាងប្រាប់ពិភពលោកថា "រដ្ឋាភិបាលយើងខ្ញុំកើតចេញពីការបោះឆ្នោត"។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះ គេឯងទូទៅបានដឹងថា ប្រទេសនេះគ្រប់គ្រងដោយកងយោធា អស់រយៈពេលជិត៥០ឆ្នាំមកហើយ ហើយលោកស្រីមុនឡើងមកកាន់តំណែងនេះត្រូវបានពួកយោធាចាប់ដាក់គុក អស់រយៈពេល១៥ឆ្នាំ ដែលក្រោយមកក៏លេងគាត់វិញនៅឆ្នាំ២០១០។


រឿងវិបត្តិរ៉ូហ៊ីងយ៉ានេះ ក្លាយទៅជារឿងអន្តរជាតិតូបនីយកម្ម ប្រទេសជាច្រើន ជាពិសេសអង្គការសិទ្ធិមនុស្ស បានចោទប្រកាន់រដ្ឋាភិបាលណៃពិដោរថា រំលោភសិទ្ធិមនុស្សរើសអើងជំនឿសាសនាជាដើម។ ដោយក្នុងនោះ ជាពិសេសលោក ម៉ាក់ ផេន អនុប្រធានាធិបតីអាម៉េរិក័ង ប្រាប់អ្នកកាសែតថា អាជ្ញាធរ មីយ៉ាន់ម៉ាត្រូវដោះលែង អ្នកកាសែតរ៉យទ័រ២នាក់ ដែលអាជ្ញាធរចាប់ឃុំខ្លួននោះជាបន្ទាន់។ ភ្លាមៗនោះសហគមអន្តរជាតិ បានបន្ទោរតាមលោក ម៉ាក់ ផេនថា រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី អាក្រក់ រំលោភសិទ្ធិមនុស្ស ធ្វើបាបក្រុមជនភាគតិច នៅក្នុងប្រទេសរបស់ខ្លួន។


ក្រោយមកទៀត ប្រទេសមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដែស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីធ្វើមាតុភូមិនិវត្តន៍ ជនជាតិរ៉ូហ៊ីងយ៉ា ឲ្យត្រលប់មកកាន់រដ្ឋរ៉ាក់ឃីន មីយ៉ាន់ម៉ាវិញ។ ក្នុងនោះ លោកស្រី អ៊ុងសាន ស៊ូជី បានស្តីបន្ទោសប្រទេសបង់ក្លាដែសថា បន្ទុចបង្អាក់ និងធ្វើឲ្យយឺតយ៉ាវដល់ដំណើរការមាតុភូមិនិវត្តន៍មកវិញ ប៉ុន្តែរដ្ឋាភិបាលបង់ក្លាដែសឆ្លើយតបថា យើងមិនអាចធ្វើឲ្យលឿនបានទេ។
រឿងជនជាតិរ៉ូហ៊ីងយ៉ានេះ បានក្លាយទៅជារឿងរ៉ាវដ៏រស៊ើប នៅក្នុងកិច្ចការអាស៊ានផង និងតំបន់អាស៊ីប៉ាស៊ីហ្វិកផង។


សារព័ត៌មានអន្តរជាតិធំៗ នៅលើពិភពលោក បានផ្សព្វផ្សាយអំពីរឿងនេះ រហូតដល់មាននិន្នាការស្នើសុំដកជ័យលាភី រង្វាន់ណូប៊ែលសន្តិភាព ពីលោកស្រី អ៊ុងសាន ស៊ូជី។
លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងថា ពិបាកនឹងនិយាយថា មាតុភូមិនិវត្តន៍ត្រូវធ្វើយ៉ាងដូចម្តេចខ្លះ ពីព្រោះប្រទេសគាត់ ត្រូវការសហការជាមួយប្រទេសបង់ក្លាដែស។


បន្ទាប់មកទៀតរដ្ឋាភិបាលមីយ៉ាន់ម៉ា បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងរឿងរ៉ូហ៊ីងយ៉ានេះ ប៉ុន្តែនៅតែត្រូវបានទីភ្នាក់ងារអង្គការសហប្រជាតិនានា ចោទប្រកាន់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានយកជើងរាទឹក ហើយក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានសំដែងការព្រួយបារម្ភថា ការវិលត្រលប់មកវិញ មកកាន់ភូមិកំណើតមិនអាចនឹងធានាសុវត្ថិភាពបាន។


ឥឡូវនេះ ក្នុងក្រសែភ្នែកនៃមេដឹកនំាបស្ចិមប្រទេសមើលឃើញថា មីយ៉ាន់ម៉ា រំលោភសិទ្ធិមនុស្ស ហើយរិះរកវិធីដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា។ បើនិយាយឲ្យចំទៅ គេចង់ដាក់ទណ្ឌកម្មឲ្យចំៗទៅលើកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដែលដឹកនាំដោយអគ្គមេបញ្ជាការឧត្តមសេនីយ៍ Min Aung Hling។
រឿងពិតគឺថា លោកស្រី អ៊ុងសាន ស៊ូជី ពុំមានសម្ថភាពបញ្ជាកងទ័ពទេ ហើយបន្តិចម្តងៗកងទ័ព ទៅជាកាន់តែមិនចូលចិត្តលោកស្រីបន្ថែមទៀត។ ដូច្នេះហើយបានជាគេមើលឃើញថា លោកស្រី ទំនងជាស្ថិតនៅក្នុងគំនាប នៃប្រតិបត្តិការបោសសម្អាតរ៉ូហ៊ីងយ៉ា។

សេចក្តីភ័យខ្លាចរឿងនេះ បានចោទជាសំណួរថា តើសហគមអន្តរជាតិ ដែលដាក់សម្ពាធមកលើកងយោធាមីយ៉ាន់ម៉ានោះ នឹងអាចដោះស្រាយបញ្ហានេះបានដែរឬទេ ព្រោះហេតុថា កាលពីអតីតកាល គឺចិនឯណោះទេ ដែលគូសវាសជោគវាសនា ឲ្យប្រទេសមីយ៉ាន់ម៉ា ដោយសារចិនបានកសាងផ្លូវហាយវេនៅក្នុងប្រទេសនេះ កំពង់ផែទឹកជ្រៅ ដើម្បីបញ្ចូលហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ទៅក្នុងគំនិតផ្តូចផ្តើមលើវិថីសូត្ររបស់លោកប្រធានាធិបតី ហ្សី ជិនពីង។ ប្រទេសចិន តែងតែគាំទ្រការចាត់វិធានការនានា របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ហើយច្បាស់ណាស់ថា បើតាមភូមិសាស្រ្តនយោបាយ ការធ្វើទុក្ខបុកម្ទេញរ៉ូហ៊ីងយ៉ា អាចធ្វើឲ្យតានតឹងខាងសន្តិសុខលំបាក ដល់កិច្ចការសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ។


បើយើងពិនិត្យឲ្យមែនទែនទៅ ប្រទេសចិនហាក់បីដូចជាប្រើសន្លឹកបៀ រ៉ូហ៊ីងយ៉ា ដើម្បីផលប្រយោជន៍ពួកគេ។ រីឯចក្រភពអង់គ្លេសវិញ ក៏បានប្រកាសអំពីការងារមនុស្សធម៌ ទៅឲ្យជនជាតិរ៉ូហ៊ីងយ៉ា កាលពីឆ្នាំ២០១៧ ភ្លាមៗក្រោយពេលលោក អូបាមា បញ្ចប់តំណែង ជាប្រធានាធិបតី ប៉ុន្តែចក្រភពអង់គ្លេស មីននាំយកការចោទប្រកាន់ទៅលើមីយ៉ាន់ម៉ាទៅកាន់តុលាការអន្តរជាតិនោះឡើយ ដោយគេមើលឃើញជាមុនថា ចិនជាអ្នកវេតូ(ជំទាស់)រឿងនេះ៕(អត្ថបទ៖ ខៀវ) កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation