
គ្រូថ្មីរបស់ Real Madrid ចាប់ផ្ដើមការងារជាមួយជ័យជំនះនៅពានរង្វាន់ Copa del Rey

គ្រូបង្វឹកបណ្ដោះអាសន្នរបស់ Real Madrid លោក Santiago Solari បានចាប់ផ្ដើមការងារជាមួយលទ្ធផលវិជ្ជមានគឺជួយក្រុមឈ្នះក្រុមលីគទី៣ UD Melilla នៅពានរង្វាន់ Copa del Rey។
ជំនួបជើងទីមួយ វគ្គ៣២ក្រុម កាលពីយប់មិញ ក្រុមអធិរាជស បានប្រើប្រាស់កីឡាករបម្រុង និងក្មេងៗភាគច្រើនប៉ុន្តែនៅតែអាចយកឈ្នះទៅលើម្ចាស់ផ្ទះដដែល។
ជាក់ស្តែង ពួកគេយកបានគ្រាប់បើកឆាកដោយ Karim Benzema នៅនាទី២៨ ហើយ Marco Asensio ជាអ្នករកបានគ្រាប់ទី២ នៅនាទិ៤៥។
មកដល់តង់ទី២ នាទី៧៩ កីឡាករយុវជន Alvaro Odriozola បានបន្ថែមគ្រាប់ទី៣ ហើយគ្រាប់ចុងក្រោយជាគុណសម្បត្តិរបស់ កីឡាករយុវជនមួយរូបទៀត គឺ Cristo Gonzalez។
សម្រាប់ការប្រកួតជើងទីពីរនឹងធ្វើឡើងថ្ងៃទី៦ ខែធ្នូ ខាងមុខ។
រីឯគូប្រជែងរបស់ Real Madrid គឺ Barcelona ក៏បានឈ្នះ Cultural Leonesa ផងដែរ ដោយលទ្ធផល ១-០៕
