រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើ អាមេរិក ជួយពង្រឹងសមត្ថភាពមន្ត្រីកាំកុងត្រូល លើការងារត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើសហរដ្ឋអាមេរិក ជួយបណ្តុះបណ្តាលមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល លើការងារត្រួតពិនិត្យ និងគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងសិទ្ធភាពការងារ និងធានាការលើកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ សំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើង នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលនឹងត្រូវបញ្ជប់បេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមប៉ាន សូរស័ក្តិ បានជម្រាបជូន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពីកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម និងកាតព្វកិច្ចស្នូលរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលទទួលខុសត្រូវលើបញ្ហាសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងធុរកិច្ចដោយសមធម៌។ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់លើការពង្រឹងសុវត្ថិភាពម្ហូបអាហារ ហើយនៅអគ្គនាយកដ្ឋានកាំកុងត្រូល យើងមានមន្ទីរពិសោធន៍ និងឧបករណ៍មួយចំនួន ប៉ុន្តែត្រូវការជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលត្រឹមត្រូវ ពីជំនាញការអន្តរជាតិ ដូចជាសហរដ្ឋអាមេរិក ដែលមានបច្ចេកវិទ្យាទំនើប និងបទពិសោធន៍ខ្ពស់ ដើម្បីកសាងសមត្ថភាពមន្ត្រី ក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព» ។

ជាការឆ្លើយតប លោក William A. Heidt បានទទួលយកសំណើរបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបានសន្យាធ្វើការបន្តជាមួយរដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យ (FDA) ដែលជាទីភ្នាក់ងារសហព័ន្ធ ចំណុះឱ្យក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ដើម្បីស្វែងរកគំរូឧត្តមានុវត្តន៍ (ការអនុវត្តល្អបំផុត) សម្រាប់ពង្រឹងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ នៅក្នុងប្រទេសកម្ពុជា។
លើសពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប៉ាន សូរស័ក្តិ ដែលកន្លងមក បានផ្តល់ការគាំទ្រចំពោះវត្តមានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (AmCham) និងកិច្ចសហការល្អជាមួយស្ថានទូត ក្នុងការរៀបចំទស្សនកិច្ចសិក្សា និងវេទិកាជំនួបធុរកិច្ចផ្សេងៗ ហើយឯកឧត្តម នឹងស្នើឯកអគ្គរដ្ឋទូតថ្មី អញ្ជើញវិស័យឯកជនកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម នៅក្នុងសហរដ្ឋអាមេរិក ឱ្យបានកាន់តែច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation