ព័ត៌មានអន្តរជាតិ

ក្រុមអ្នកបរិស្ថានបានសម្អាតឆ្នេរនៅលើកោះអ័រឃីដ អាយឡេន របស់កោះតៃវ៉ាន់ដើម្បីបង្កើនការយល់ដឹង

image

ក្រុមអ្នកបរិស្ថានមកពីជុំវិញពិភពលោកបានទៅដល់កោះអ័រឃីដ អាយឡេន (Orchid Island) នៅក្នុងកោះតៃវ៉ាន់កាលពីថ្ងៃច័ន្ទដើម្បីសម្អាតកាកសំណល់ប្លាស្ទិកនៅតាមឆ្នេរសមុទ្ររបស់កោះនោះ និងបង្កើនការយល់ដឹងអំពីបញ្ហានៃការបំពុលដោយប្លាស្ទិក។


លោក លីន ចេងវ៉ិន (Lin Cheng-wen) ដែលបានធ្វើយុទ្ធនាការប្រឆាំងនឹងការបំពុលដោយប្លាស្ទិកនៅលើកោះអ័រឃីដ អាយឡេន (Orchid Island) អស់រយៈពេលជាង១០ឆ្នាំមកហើយនោះបាននិយាយថា កាកសំណល់ប្លាស្ទិកដែលមកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានរាយប៉ាយនៅជុំវិញកោះមួយនេះ។


បើទោះបីជាលោក លីន មានការព្រួយបារម្ភថា សកម្មភាពរបស់លោកនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅលើកោះអ័រឃីដ អាយឡេន (Orchid Island) ប្រសិនបើក្រុមអ្នកធ្វើដំណើរបានផ្តិតយករូបភាពអវិជ្ជមានពីកោះដែលកំពុងត្រូវបានបំពុលយ៉ាងខ្លាំងនោះក៏ដោយ ប៉ុន្តែលោកមិនមានជម្រើសផ្សេងទៀតទេ ក្រៅពីការបន្តធ្វើសកម្មភាពនេះ។
បច្ចុប្បន្នលោកក៏កំពុងព្យាយាមរកប្រាក់សម្រាប់កិច្ចខិតខំប្រឹងប្រែងនៅក្នុងការសម្អាតផងដែរ។


គួរកត់សម្គាល់ថា នៅក្នុងរយៈពេលមិនដល់២ម៉ោងផង ក្រុមអ្នកបរិស្ថានអាចប្រមូលសំរាមបានយ៉ាងច្រើន ខណៈដែលមិនទាន់បានសម្អាតឆ្នេរពេញទាំងអស់នៅឡើយទេ។
ការស្រាវជ្រាវរបស់អង្គការសង្គមនៃទីរហោឋានដែលជាអង្គការក្រៅរដ្ឋាភិបាលនៅក្នុងកោះតៃវ៉ាន់កាលពីឆ្នាំ២០១៦បានបង្ហាញថា ជាង៩០%នៃសំរាមនៅឆ្នេរសមុទ្ររបស់កោះតៃវ៉ាន់ គឺជាកាកសំណល់ប្លាស្ទិក៕