ព័ត៌មានជាតិ

កម្ពុជា បញ្ជូនកងវិស្វកម្មចំនួន២១៦នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល

image

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ បានបញ្ជូនកងវិស្វកម្ម លេខ៥៩៤ ចំនួន២១៦នាក់ ក្នុងនោះ នារី១០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។


​ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ុល សារឿន ទទួលបន្ទុកបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងពិធីជូនដំណើរនេះ បានណែនាំឲ្យកងវិស្វកម្ម៥៩៤ ត្រូវគោរពវិស័យ ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជាទាំងឡាយ របស់អង្គការសហប្រជាជាតិ ដើម្បីរក្សាភាពថ្លៃថ្នូរ និងកិត្តិយសរបស់កងយោធពលខេមភូមិន្ទ និងរបស់ប្រទេសជាតិ។ ឯកឧត្តម ក៏បានណែនាំឲ្យកងកម្លាំងកម្ពុជា ចាប់យកឱកាសដើម្បីរៀនសូត្រ ដកស្រង់បទពិសោធន៍បង្កើនចំណេះដឹង និងស្វែងយល់ពីរបៀបរបប ធ្វើការរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ។


ឯកឧត្តម ក៏បានណែនាំឲ្យកងវិស្វកម្មទាំង២១៦នាក់នោះ ត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ពីស្ថានភាព ភូមិសាស្ត្រ នយោបាយសង្គម ការប្រឈមទាំងឡាយ នៃបេសកកម្ម យកចិត្តទុកដាក់ក្នុងការរៀបចំកម្លាំង និងបន្តប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ ដែលអាចកើតឡើង ដោយការប៉ះទង្គិចគ្នា រវាងក្រុមប្រដាប់អាវុធនានា ដោយការវាយប្រហារពួនស្ទាក់ ឬគ្រោះថ្នាក់ធម្មជាតិ និងគ្រោះថ្នាក់ដោយជំងឺឆ្លងនានា។


នៅក្នុងឱកាសដដែលនោះ លោកជំទាវ ប៉ូលីន តាមេស៊ីស តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការធ្វើដំណើររបស់កងកម្លាំងកម្ពុជានាថ្ងៃនេះ នឹងចូលរួមក្នុងសហគមន៍នៃគ្រប់បណ្តាប្រទេស រួបរួមគ្នា ដើម្បីស្វែងរកសន្តិភាព និងអនាគតភ្លឺស្វាង សម្រាប់គ្រប់មនុស្សជាតិទាំងអស់។ លោកជំទាវបន្តថា ការតាំងចិត្តក្នុងការជួយដល់អ្នកដទៃ​ ការចែករំលែកជំនាញ ជាមួយបណ្តាប្រទេសនានា ដែលរងដោយជម្លោះ គឺជាតម្លៃ និងប្រភពនៃការលើកទឹកចិត្ត និងក្តីសង្ឃឹមដល់ប្រជាជនជាច្រើននាក់។


បើតាមរបាយការណ៍របស់ឯកឧត្តម សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឲ្យដឹងថា នេះគឺជាឆ្នាំទី១២ហើយ ដែលកម្ពុជា បានបញ្ជូនកងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្រោយពីកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNTAC បានដកចេញពីកម្ពុជា រយៈពេល២៥ឆ្នាំ ពោលគឺនៅឆ្នាំ១៩៩៣។


គួរជម្រាបដែរថា គិតចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំង សរុបចំនួន៥,៥៧៩នាក់ ក្នុងនោះនារី២៦៧នាក់ ហើយកងកម្លាំងលេខ៥៩៤នេះ គឺជាកងទី៤០ លើជំនាញផ្សេងៗរួមមាន ៖ បោសសម្អាតមីន, វិស្វកម្មផ្តេក-បញ្ឈរ, តម្រួតសណ្តាប់ធ្នាប់, មន្ទីរពេទ្យកម្រិត២, វិស្វកម្មព្រលានយន្តហោះ និងកម្ទេចគ្រាប់មីនមិនទាន់ផ្ទុះ ទៅកាន់បេសកកម្មចំនួន១០ ក្នុងប្រទេសចំនួន៨ រួមមាន ៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, ស៊ីរី, សាយប្រ៊ីស, អាហ្វ្រិកកណ្តាល, លីបង់ និងម៉ាលី។ ដោយឡែក បច្ចុប្បន្ន កម្លាំងកម្ពុជា កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៥ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង, ស៊ូដង់, លីបង់, អាហ្វ្រិកកណ្តាល និងម៉ាលី៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ