ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាគាំទ្រ និងរួមចំណែកធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យ

image

ព្រៃវែង៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា មានសមាសភាពមកពីក្រុមគ្រូបង្រៀន គ្រូពេទ្យ និវត្តជន និងអតីតយុទ្ធជនខេត្តព្រៃវែង។

មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជា នឹងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បន្ទាប់ពីបានចាប់ផ្ដើមការបោះឆ្នោតនេះលើកដំបូងកាលពីឆ្នាំ២០០២ ជាមួយនឹងការរៀបចំប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន។

សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តថា “ការបោះឆ្នោតនេះជាផ្នែកមួយនៃការពង្រឹងស្ថិរភាពនយោបាយនៅមូលដ្ឋានទូទាំងប្រទេស ក្នុងគោលដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់សិទ្ធិអំណាចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំឃុំ សង្កាត់ តាមរយៈការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ពួកគាត់។”

សម្ដេច បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមគ្នាគាំទ្រ និងរួមចំណែកធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយជោគជ័យ បញ្ចៀសឱ្យបាននូវការបំពានច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត ពិសេសគឺបញ្ចៀសអំពើហិង្សានានា ហើយប្រជាពលរដ្ឋទាំងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវក្រុមគ្រូបង្រៀន គ្រូពេទ្យ និវត្តជន និងអតីតយុទ្ធជន នៃខេត្តព្រៃវែងទាំងអស់ បន្តបេសកកម្ម និងចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមចំណែកគាំទ្រការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ៕