លោករដ្ឋមន្រ្តី វង សូត៖ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់សូមកុំជឿការញ៉ុះញុងរបស់គណបក្សណាផ្សេង ដែលតែងតែថាខ្លួនជាអ្នករំដោះជាតិនោះ

ភ្នំពេញ៖ លោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនិតិសម្បទា វង សូត បានបញ្ជាក់ទៅដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមកុំជឿការញ៉ុះញុងរបស់គណបក្សណាផ្សេង ដែលតែងតែថាខ្លួនជាអ្នករំដោះជាតិនោះ ពោលគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ និងបានស្តារប្រទេសជាតិឲ្យមានការរីកចម្រើន អភិវឌ្ឍន៍ជាបន្តបន្ទាប់។
លោករដ្ឋមន្ត្រី វង សូត ថ្លែងថា កម្ពុជាចាប់ផ្តើមពីបាតដៃទទេមកមានអ្វីៗដូចសព្វថ្ងៃនេះ ដោយសារប្រទេសជាតិយើងមានស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច កើតឡើងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំពពេល ស្រុកពញាក្រែក ចំនួន៣២៥នាក់ ក្នុងមកពីគណបក្សសង្រ្គោះជាតិ ចំនួន៥នាក់ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។
លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំចុះជួយភូមិ ឃុំ និងប្រធានក្រុមបក្សនៅតាមមូលដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់ និងក្តាប់ឱ្យជាប់នូវព័ត៌មានសមាជិកនៅក្នុងភូមិរបស់ខ្លួន ហើយត្រូវណែនាំឱ្យសមាជិក សមាជិការបក្សតាមមូលដ្ឋាននីមួយៗ ត្រៀមលក្ខណៈសម្បត្តិក្នុងការទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ជាពិសេសត្រូវត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណជាដើម។
លោករដ្ឋមន្រ្តី វង សូត បានបន្ថែមទៀតថា ប្រទេសកម្ពុជា យើងបើគ្មានសន្តិភាព គឺយើងគ្រប់គ្នាមិនអាចរកស៊ីចិញ្ចឹមជីវិតបានទេ។ ដូច្នេះលោករដ្ឋមន្រ្តី អំពាវនាវឲ្យប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជារួមគ្នារក្សាសន្តិភាពឲ្យបានហើយដើម្បីរក្សាសន្តិភាពនេះ បានគឺមានតែមធ្យោបាយតែមួយគត់នោះ គឺនាំគ្នាទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា៕
ដោយ៖ គង់ វណ្ណៈ
