ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង និងអនុប្រធានជាន់ខ្ពស់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងសហការគ្នាដើម្បីកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន២០២២ នៅកម្ពុជាទទួលជោគជ័យ

image

អត្ថបទ៖លោក ហ៊ន សុភ័ក្រ

អាមេរិក៖ ឆ្លៀតក្នុងឱកាសអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ អញ្ជើញចូលរួមកិច្ចប្រជ៉ំកំពូលអាស៊ាន-អាមេរិក, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បានជួបពិភាក្សាការងារធុរកិច្ចជាមួយលោក ម៉ាក មាលី អនុប្រធានជាន់ខ្ពស់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២២ (ម៉ោងនៅអាមេរិក)នៅទីក្រុងវ៉ាស៊ីនតោន។

កិច្ចពិភាក្សាផ្តោតជាសំខាន់ទៅលើការពង្រឹងកិច្ចប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងការជំរុញធុរកិច្ច និងវិនិយោគរវាងអាមេរិក និងកម្ពុជា និងអាស៊ានទាំងមូល។ 

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បានស្នើឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ដែលប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ ទាំងការរៀបចំកម្មវិធី ការជំរុញក្រុមហ៊ុនអាមេរិកជួយឧបត្ថម្ភកម្មវិធី និង ការជួយអញ្ជើញថ្នាក់ដឹកនាំសហរដ្ឋអាមេរិកចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលកម្ពុជាជាប្រធានអាស៊ាន២០២២។

ក្នុងឱកាសនោះ លោក ម៉ាក មាលី អនុប្រធានជាន់ខ្ពស់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានជម្រាបអ្នកឧកញ៉ា គិត ម៉េង ថា លោកបានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ជារួមក្នុងការជំរុញធុរកិច្ច និងវិនិយោគអាមេរិកអាស៊ាន និង អាមេរិក កម្ពុជា ឲ្យមានការរីកចំរើន។ លោក បានបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានតែងតែ ចូលរួមយ៉ាងសកម្មជួយគាំទ្រដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន។ សំរាប់ឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន រីករាយ នឹងសហការគាំទ្រជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីឲ្យកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានប្រព្រឹត្តទៅប្រកបដោយជោគជ័យនៅកម្ពុជា។

គួរជម្រាបថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានការកើនឡើង ទោះបីជាមានវីដ១៩យ៉ាងណាក៏ដោយ ក៏មានការកើនឡើងរហូតដល់ជិត ១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១ ក្នុងនោះ កម្ពុជាបាននាំទំនិញទៅកាន់ទីផ្សារអាមេរិកមានសំលៀកបំពាក់ស្បែកជើង វិស័យកសិកម្ម គ្រឿងសង្ហារឹមជាដើម។ ជាមួយគ្នានោះក្រុមហ៊ុនអាមេរិកាំងជាច្រើនក៏មានវត្តមានទៅវិនិយោគនៅកម្ពុជា។ 

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំពីទំនាក់ទំនងការទូត កម្ពុជា-អាមេរិកដែលជាខួប៧២ឆ្នាំ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញគណៈប្រតិភូធុរកិច្ចអាមេរិកទៅទស្សនកិច្ច និងស្វែងយល់ការវិនិយោគនៅប្រទេសកម្ពុជាផងដែរ ៕