ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង អញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក បំពេញទស្សនកិច្ចនៅកម្ពុជា និងលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិកបង្កើតរោងចក្រនៅកម្ពុជា

image

វ៉ាស៊ីនតោន៖ ឆ្លៀតក្នុងឱកាសអមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បានជួបពិភាក្សាការងារធុរកិច្ចជាមួយ លោក ចន ហ្កូយយើ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់សភាពាណិជ្ជកម្មអាមេរិក នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិច។ កិច្ចពិភាក្សានោះ បានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំងពីរ និងការជំរុញធុរកិច្ច និងវិនិយោគរវាងអាមេរិក និងកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បានជម្រាបជូន លោក ចន ហ្កូយយើ អំពីការបំពេញទស្សនកិច្ចធុរកិច្ចរបស់សភាពាណិជ្ជកម្មកម្ពុជា មកកាន់សហរដ្ឋអាមេរិក និងជំនួបពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិក។ 

អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មកម្ពុជា រីករាយក្នុងការសហការជាមួយសភាពាណិជ្ជកម្មអាមេរិក ដើម្បីជំរុញទំនាក់ទំនងធុរកិច្ច និងវិនិយោគរបស់ប្រទេសទាំងពីរ។ ឆ្នាំ២០២២ ជាឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិច ដែលប្រព្រឹត្តទៅនៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន ដែលស្តែងឲ្យឃើញពីនិមិត្តរូបនៃទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ។ 

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានស្នើដល់សភាពាណិជ្ជកម្មអាមេរិក ពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មទាំងពីរ អញ្ជើញសភាពាណិជ្ជកម្មអាមេរិករៀបចំទស្សនកិច្ចធុរកិច្ចជាទៀងទាត់ទៅកាន់កម្ពុជា និងពីកម្ពុជាទៅអាមេរិក។ ក្រៅពីនេះ ស្នើដល់សភាពាណិជ្ជកម្មអាមេរិកសហការ និងគាំទ្រដល់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលប្រពឹត្តទៅនាខែវិច្ឆិកាខាងមុខ។

បន្ថែមលើនេះ អ្នកឧកញ៉ា គិត ម៉េង បានស្នើឲ្យមានសកម្មភាពរួមគ្នារវាងសភាពាណិជ្ជកម្មទាំងពីរ ដើម្បីជំរុញធុរកិច្ច និងវិនិយោគប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងមានកំណើនជាងមុន និង បានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក ទៅបំពេញទស្សនកិច្ចនៅកម្ពុជា និងលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិកបង្កើតរោងចក្រនៅកម្ពុជា ដែលអាចនាំចេញផលិតផលទៅកាន់ទៅផ្សារពិភពលោក ឬទីផ្សារអាមេរិក ក្នុងអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី។

ជាការឆ្លើយត លោក ចន ហ្កូយយើ មានប្រសាសន៍ស្វាគមន៍ចំពោះការលើកឡើងរបស់ អ្នកឧកញ៉ា គិត ម៉េង និងបានបញ្ជាក់ថា អាមេរិកមានបំណងធ្វើពិពិធកម្មការផលិតរបស់ខ្លួននៅក្នុងបណ្តារប្រទេសអាស៊ាន ហើយកម្ពុជា ជាគោលដៅដ៏សំខាន់មួយ មិនត្រឹមតែថ្លៃដើមទាបទេ ថែមទាំងគុណភាពខ្ពស់ទៀត។ ហេតុនេះរោងចក្រសហគ្រាសកម្ពុជា គួរពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីអាចតភ្ជាប់ទៅក្នុងខ្សែច្រវាក់តម្លៃបន្ថែមខ្ពស់។ សភាពាណិជ្ជកម្មអាមេរិក នឹងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមជំរុញទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ