ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បើកវេទិកាថ្នាក់តំបន់លើកទី១៣ ស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅក្រុងបាត់ដំបង

image

បាត់ដំបង៖ បង្កើនជម្រើសមុខរបរ ដើម្បីជំរុញសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ជាប្រធានបទមួយនៅក្នុងអង្គវេទិកាថ្នាក់តំបន់លើកទី១៣ស្ដីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ដែលក្រសួងបរិស្ថាន បានរៀបចំឡើងក្រោមវត្តមាន លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងអ្នកពាក់ព័ន្ធជាច្រើនទៀត នៅខេត្តបាត់ដំបង។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានចាត់ទុកវេទិកានេះ ជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការចូលរួមពង្រឹងតួនាទីរបស់សហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធ ក្នុងការការពារគ្រប់គ្រង និងខិតខំអភិរក្សធនធានធម្មជាតិ ដើម្បីបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន។ ម្យ៉ាងវិញទៀត ក៏ជាឱកាសមួយក្នុងការពិភាក្សាដើម្បីជាមូលដ្ឋានក្នុងការចែករំលែកបទពិសោធន៍ និងការរិះរកនូវគ្រប់មធ្យោបាយ ដើម្បីពង្រីក និងពង្រឹងមុខរបរសម្រាប់ការលើកកម្ពស់នៃជីវភាពសហគមន៍មូលដ្ឋាន។ 

លោក សុខ លូ មានសង្ឃឹមយ៉ាងមុតមាំថា នៅក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការ និងដោយមានការចូលរួមកិច្ចសហការល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីបណ្តាអង្គការជាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធក្នុងសហគមន៍ការពារតំបន់ធម្មជាតិ សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ នឹងរួមគ្នាប្ដេជ្ញាចិត្ត ចូលរួមយ៉ាងសកម្មនូវក្នុងសកម្មភាពការពារ អភិរក្សធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែល្អប្រសើរឡើងថែមទៀត។ 

ជាមួយគ្នានេះ លោក ផៃ ប៊ុនឈឿន បានលើកឡើងថា ការពិតមិនអាចនិយាយពីការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះឱ្យបានគង់វង្សនោះឡើយ ដរាបណាជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ នៅមានកម្រិតទាបនៅឡើយ។ ក្នុងន័យនេះ ក្រសួងបរិស្ថាន បាននិងកំពុងតែអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយដៃម្ខាងផ្ដោតលើការគ្រប់គ្រង ការអភិរក្សធនធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្ត ដើម្បីធានាលំនឹងបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀតក៏ផ្ដោតលើការជួយដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិផងដែរ។ 

លោករដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានបន្តទៀតថា ការបង្កើតមុខរបរតាមសហគមន៍ គ្រួសារ មិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្រិតមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពាបរិស្ថាន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សនូវជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ដោយ៖ ឡាច សុគន្ធាវី