ព័ត៌មានជាតិ

គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមនៅកម្ពុជា អំពាវនាវឱ្យសាសនិកឥស្លាម នាំគ្នាទៅបោះឆ្នោត

image

កំពត៖ ទីប្រឹក្សាចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម លោក ឡា ឡៃ បានប្រាប់ដល់ខ្មែរឥស្លាមថា សាសនិកឥស្លាមទាំងអស់ត្រូវទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋកម្ពុជា។ ខ្មែរឥស្លាមពិតជាមានសំណាង ដែលមានមេដឹកនាំប្រទេសល្អ ជួយសង្គ្រោះជីវិត នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃ។ របបដឹកនាំមានការយោគយល់អាស្រ័យខ្ពស់ គ្មានការរើសអើង ផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិបត្តិសាសនា ឱកាសការងារ និងឋានៈតួនាទីសំខាន់ៗដល់ខ្មែរឥស្លាម​ក្នុងជួរដឹកនាំ​របស់រាជរដ្ឋាភិបាល។ 

លោក ឡា ឡៃ បានប្រាប់ដល់ខ្មែរឥស្លាមដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាលាបណ្តុះបណ្តាលអាល់ខៃរីយ៉ះ ដែលស្ថិតនៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។ លោកបញ្ជាក់ថា ជាក់សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំដែលមានគុណដំបូងបង្អស់របស់កម្ពុជាដែលលោកបានផ្តល់គ្រប់យ៉ាង ទាំងអាយុជីវិត សិទ្ធិសេរីភាព ឱកាសការងារ ឋានៈ តួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាល។ សម្តេចតេជោ ជាអ្នកមានគុណទី១ សម្រាប់ខ្មែរឥស្លាមគ្រប់រូប ដូច្នេះត្រូវតែសង់គុណដល់សម្តេចតេជោវិញ តាមរយៈការចេះរួមរស់សាមគ្គីគ្នា យោគយល់ អត់ឱនឱ្យគ្នា កុំមានការរើសអើងគ្នា ជាពិសេសត្រូវចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋកម្ពុជាតាមរយៈការបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា។ 

ជាមួយគ្នានេះដែរ លោក ណោះ ពិគ្រី ប្រធានសមាគមទំនុកចិត្តនៃសប្បុរសកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យសមគមមានលទ្ធភាពក្នុងការចូលរួមចំណែកជួយដល់ខ្មែរឥស្លាម ក្នុងនោះមានការផ្តល់ស៊ីទែនទឹក អណ្តូងទឹកស្អាត អណ្តូងស្នប់ អាហារូបករណ៍ដល់សិស្សានុសិស្សឥស្លាម និងសាលារៀន ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ពិសេសការសិក្សារបស់សាសនិកឥស្លាមនៅទូទាំងប្រទេស។ 

សូមបញ្ជាក់ថា សាលាបណ្តុះបណ្តាល អាល់ខៃរីយ៉ះ មាន ១ខ្នង ២ជាន់ ស្មើ ៨បន្ទប់ ដែលជាជំនួយពីប្រទេសម៉ាឡេស៊ី និងសង្ហបុរី តាមរយៈសមាគមទំនុកចិត្ត នៃសប្បុរសកម្ពុជា ដែលបានប្រើប្រាស់ថវិកាអស់ ២០ម៉ឺន ៨ពាន់ ៧រយដុល្លារ៕

អត្ថបទ៖ វង្ស សុធារម្យ