សង្គម

មានករណីជនខិលខូចកាប់បំផ្លាញ ទន្ទ្រានសហគមន៍ព្រៃឈើវាលអូរក្តីក្នុងខេត្តកំពង់ធំ ប្រមាណជិត ៥០០ហិកតា ហើយជនសង្ស័យមិនញញើតហ៊ានប្តឹងអាជ្ញាធរថែមទៀត

image


កំពង់ធំ៖ ប្រជាពលរដ្ឋចំនួន ៧ ភូមិ ស្មើនឹង ២.០៦៥គ្រួសារ ដែលស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំបានរាយការណ៍ថាមានករណីជនខិលខូចកាប់បំផ្លាញ ទន្ទ្រានសហគមន៍ព្រៃឈើវាលអូរក្តី អស់ប្រមាណជិត ៥០០ហិកតា ក្នុងចំណោមផ្ទៃដីសរុប ៤.២១៨ ហិកតាហើយជនសង្ស័យមិនញញើតហ៊ានប្តឹងអាជ្ញាធរ មន្ត្រីជំនាញ និងប្រធានសហគមន៍ថែមទៀតផង។

លោក ហាច សាដាំ ប្រធានសហគមន៍ព្រៃឈើអូរវាលក្តី បានប្រាប់ ឲ្យដឹងថា សហគមន៍នេះបានបង្កើតឡើងតាំងពីឆ្នាំ២០០១ ដោយមានការគាំទ្រ ការចូលរួមចំណែកពីបងប្អូនប្រជាពលរដ្ឋចំនួន ៧ ភូមិ ដោយមានការគាំទ្រពីអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត លុះដល់ឆ្នាំ២០១៧ ទើបក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចេញលិខិតបញ្ជាក់ ក្នុងការបង្កើតសហគមន៍ខាងលើ ហើយក៏មានការទទួលស្គាល់។

លោកប្រធានសមាគមបានបន្តថា សកម្មភាពការកាប់រានព្រៃសហគមន៍ខាងលើនេះ នៅចន្លោះឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១ គិតដល់ពេលនេះមានករណីជនខិលខូចកាប់ទន្ទ្រានដីព្រៃសហគមន៍អស់ប្រមាណជាង ២០% ទៅ៣០% ដែលជាក្ដីព្រួយបារម្ភជាខ្លាំងចំពោះកាត់បាត់បង់ព្រៃក្នុងសហគមន៍។

លោកបានបន្ថែមទៀតថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះក៏មានជនខិលខូចមួយចំនួន ដោយយោងតាមការស្រាវជ្រាវឃើញមានឈ្មោះ ទី១ ឈ្មោះ លាង ម៉ួយង៉ីម នៅខេត្តកំពង់ចាម ទី២ ឈ្មោះ ហុង ផៃ នៅភូមិទំពាងឫស្សី ឃុំក្រយា ស្រុកសន្ទុក ទី៣ ឈ្មោះ ឱ អេង នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី៤ ឈ្មោះ លី ហួ នៅខេត្តកំពង់ធំ ហើយជនទាំង៤នាក់នេះបានប្តឹង រូបលោកជាប្រធានសហគមន៍ អូរភូមិត្រពាំងឫស្សី ក្រុមប្រឹក្សាឃុំ១រូប និងមន្ត្រីរដ្ឋបាលព្រៃឈើ ១រូប ទៅកាន់តុលាការខេត្តកំពង់ធំ ដោយចោទប្រកាន់ថា «ធ្វើឲ្យខូចខាតដោយចេតនា»។

ជាមួយគ្នានេះ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថា សហគមន៍ខាងលើនេះ ត្រូវបានអភិរក្ស និងការពារព្រៃឈើសម្រាប់ការប្រើប្រាស់ជាលក្ខណៈប្រពៃណី, ដើម្បីធានាឲ្យមានការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីអនុវត្តគោលនយោបាយ ស្ដីពីព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឲ្យមានធនធានព្រៃឈើសម្រាប់មនុស្សជំនាន់ក្រោយ និងដើម្បីអភិរក្សសត្វព្រៃ និងជីវចម្រុះ។ លោកបានបញ្ជាក់ថាចំណែករឿងបុគ្គលដែលបានដាក់ពាក្យបណ្តឹងមន្ត្រីជំនាញទៅតុលាការពិតប្រាកដមែន។

នាយខណ្ឌរដ្ឋបាលព្រៃខេត្តកំពង់ធំ បានបន្តថា លោកសំណូមពរជនល្មើសបញ្ឈប់សកម្មភាពរុករានដីព្រៃសហគមន៍ ហើយដកខ្លួនចេញពីតំបន់ដីព្រៃសហគមន៍។ ចំណែកករណីបណ្តឹងនៅតុលាការ គឺតុលាការនឹងបន្តនីតិវិធីតាមផ្លូវច្បាប់ ឲ្យបានតឹងរ៉ឹងបំផុតចំពោះជនល្មើស។ រីឯប្រជាពលរដ្ឋមូលដ្ឋាន និងសមាជិកសហគមន៍ ត្រូវចូលរួមការពារថែរក្សា និងដាំដុះព្រៃឈើឡើងវិញ។

យោងតាមប្រជាពលរដ្ឋបានរៀបរាប់ប្រាប់ឲ្យដឹងថា សហគមន៍ព្រៃឈើវាលអូរក្តី មានសារប្រយោជន៍ខ្លាំងណាស់ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិ និងចំពោះប្រជាពលរដ្ឋមកពីបណ្ដាភូមិ ឃុំផ្សេងៗទៀត ដើម្បីមកប្រមូលផល អនុផលធនធានធម្មជាតិ។ ហើយផល និងអនុផលព្រៃសំខាន់ៗ ក្នុងព្រៃសហគមន៍ ប្រភេទឈើ កកោះ ក្លៀក ស្រល់ ត្រាច ឈើទាល ច្រមាស់ មៀនព្រៃ ... ។ល។ ប្រភេទអនុផល វល្លិ រុក្ខជាតិឱសថ ដំឡូង ផ្លែឈើ ...។ល។ ប្រភេទសត្វព្រៃ ស្វា ទោច ជ្រូកព្រៃ ទន្សាយ ឈ្លូស ប្រើស...។ល។៕

អត្ថបទ៖ កែម ចិន្តា