ជនរងគ្រោះថ្នាក់ចរាចរណ៍ បង្ហាញវិប្បដិសារីនៃជីវិត ក្នុងទិវារំលឹកដល់ជនរងគ្រោះចរាចរណ៍ផ្លូវគោកនៅខេត្តក្រចេះ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ គ្រប់លំដាប់ថ្នាក់ រួមយុវជនប្រមាណជាង ៤៥០ នាក់ បានប្រារព្ធទិវារំលឹកដល់ជនរងគ្រោះចរាចរណ៍ ផ្លូវគោកលើកទី១៣ ដែលរៀបចំដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តក្រចេះ នៅថ្ងៃ០៣ វិច្ឆិការ ២០១៨ ស្ថិតក្នុងសាល មហោស្រពក្រចេះ។

ក្នុងរបាយការណ៍សម្រាប់រយៈពេល៩ខែដើមឆ្នាំ ២០១៨ លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្រចេះបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៣៣លើក បើប្រៀបធៀបរយៈពេល៩ខែដើមឆ្នាំ២០១៧ ថយចុះ ៦ លើក ស្មើនឹង ៤,៣១% ក្នុងនោះគ្រោះថ្នាក់ដោយអ្នកបើកបរម៉តូមិនពាក់មួកសុវត្ថិភាពចំនួន៨៧ករណី ស្មើនឹង ៦៥,៤១% ហើយការរងគ្រោះថ្នាក់ទាំងនេះបណ្តាលឲ្យមនុស្សស្លាប់៥៥ នាក់(ថយចុះ ៦ នាក់ ស្មើ ៩,៨៣%), របួសធ្ងន់ ១៣០ នាក់ (ថយចុះ ៥ នាក់ ស្មើ ៣,៧០%) , របួសស្រាល ៦៧នាក់ (កើនឡើង ១០ នាក់ ស្មើ ១៧,៤៦%) ។

ថ្លែងក្នុងពិធីនោះ តំណាងជនរងគ្រោះថ្នាក់ចរាចរណ៍ បានបញ្ចេញនូវចំណាប់អារម្មណ៍របស់ខ្លួន ដោយបញ្ជាក់ថា រូបលោក ពិតជាមានវិប្បដិសារីយ៉ាងខ្លាំង ក្រោយពីបានជួបនូវហេតុការណ៍ដ៏រន្ធត់នេះ ទាំងនេះគឺមកពីការធ្វេសប្រហែសរបស់អ្នកដទៃ និងខ្លួនឯង ត្រឹមតែមួយពព្រិចភ្នែក បានបង្កគ្រោះថ្នាក់កើតឡើង ដែលលោកជាមេគ្រួសារទទួលបន្ទុក រ៉ាប់រងផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃលើគ្រួសារទាំងមូល បានបាត់បង់នូវឱកាសបំពេញការងារ និងចំណាយប្រាក់អស់ជាច្រើនលើការព្យាបាល ដែលបាត់បង់ ទ្រព្យសម្បតិ្តជាច្រើនសម្រាប់ទាំងគ្រួសារ និងសង្គមជាតិ ហើយបានក្លាយជាជនពិការទៀតផង។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ស្ថិតក្នុងស្ថានការណ៍ទូទៅរបស់កម្ពុជា កំពុងអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ ស្ថេរភាព សន្តិសុខសង្គម និងសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ កាន់តែត្រូវបានធានា យ៉ាងរឹងមាំ និងកម្រិតជីវភាពប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែល្អប្រសើរឡើងនោះ បានធ្វើឲ្យកំណើនមធ្យោបាយយានយន្ត គ្រប់ប្រភេទ កើនឡើងយ៉ាងគំហុកនាប៉ុន្មានឆ្នាំថ្មីចុងក្រោយនេះ។

ទន្ទឹមនេះ គ្រោះថ្នាក់ចរាចរណ៍ក៏ស្ថិតនៅក្នុងកំណើនមួយ គួរឲ្យព្រួយបារម្មណ៍ផងដែរ ដែលគ្រោះថ្នាក់នេះជាកត្តាមួយធ្វើឲ្យអន្តរាយដល់អាយុជីវិតមនុស្ស សត្វ បរិស្ថាន និងការខូចខាត ទ្រព្យសម្បត្តិរដ្ឋ ឯកជន និងបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចជាតិ និងគោលនិយោបាយកាត់បន្ថយភាពក្រីក្រ រួមនិងការអភិវឌ្ឍន៍លើកគ្រប់បិស័យរបស់រាជរដ្ឋាភិបាលផងដែរ ។

អភិបាលខេត្តក្រចេះ បន្តថា ក្រោមការដឹកនាំរបស់រាជ រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ឃើញថា សមិទ្ធផលជាតិសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានកើតឡើងនិងមានភាពប្រទាក់ក្រឡាតភ្ជាប់គ្នាពីតំបន់មួយទៅមួយ ដែលពីមុនមិនធ្លាប់មាន ក៏ប៉ុន្តែជាមួយនឹងភាព ងាយស្រួលខាងលើនេះ ត្រូវបានអ្នកបើកបរដែលប្រើប្រាស់ផ្លូវមួយចំនួន ដែលមិនគោរពច្បាប់ចរាចរណ៏ ខ្វះការគោរពសិទ្ធិគ្នា បានបង្កភាពអនាធិបតេយ្យដូចជា បើកបរក្នុងល្បឿនលឿនហួសកំរិតកំណត់ បើកបរក្នុងភាពស្រវឹង បើកបរប្រណាំងប្រជែង បើបរមិនគោរពផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៏ជាដើម ដែលជាហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់ ចរាចរណ៏ដ៏គួរអោយព្រួយបារម្ភបែបនេះ៕
អត្ថបទ៖ នាងចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation