កងកម្លាំងចម្រុះជិត៦ពាន់នាក់ នឹងហ្វឹកហាត់ជាលើកទី២ នៅមុខព្រះបរមរាជវាំង ដើម្បីត្រៀមអបអរសាទរទិវាឯករាជ្យជាតិ៩វិច្ឆិកា
| ព័ត៌មានជាតិ
SHARE

យោងតាមគេហទំព័រ របស់អគ្គស្នងការនគបាលជាតិ ផ្សព្វផ្សាយថា កងកម្លាំងចម្រុះជិត៦ពាន់នាក់ នឹងហ្វឹកហាត់ជាលើកទី២ នៅមុខព្រះបរមរាជវាំង នៅថ្ងៃទី៧វិច្ឆិកាខាងមុខ ដើម្បីត្រៀមអបអរសាទរទិវាឯករាជ្យជាតិ៩វិច្ឆិកា ខួបលើកទី៦៥ បន្ទាប់ពីលើកទី១ធ្វើឡើង កាលពីថ្ងៃទី៤វិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ។


ពិធីហ្វឹកហាត់ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកាម្សិលមិញ មានកងកម្លាំងចម្រុះ មកពីកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងយោធពលខេមរភូមិន្ទ បានចេញមកហ្វឹកហាត់ព្រមៗគ្នា នៅឯខាងមុខព្រះបរមរាជវាំង។ ការហ្វឹកហាត់នេះ មានការចូលរួមពីកងកម្លាំងចម្រុះជិត៦ពាន់នាក់ ដោយចែកចេញជា៥៤ផែន។នៅក្នុងផែននីមួយៗ មានកងកម្លាំងសរុបចំនួន១១០នាក់។

អ្នកនាំពាក្យ និងជាអគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឆាយ គឹមឃឿន មានប្រសាសន៍ថា ការហ្វឹកហាត់នេះ រួមមាន ការហ្វឹកហាត់ពីរបៀបនៃការដើរក្បួន ការឈរ និងកាយវិការផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា ឲ្យសាកសមជាកងកម្លាំងរបស់ជាតិ។

ការចេញមកហ្វឹកហាត់របស់កងកម្លាំងចម្រុះកម្ពុជានៅថ្ងៃនេះ គឺនៅមុនពេល៥ថ្ងៃទៀតប៉ុណ្ណោះ ដែលប្រទេសកម្ពុជានឹងប្រារព្ធខួប៦៥ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលកម្ពុជារំដោះបានពីនឹមអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះមហាវីរក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋ។

តាមគម្រោង ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើឡើង ឲ្យបានអធិកអធមបើប្រៀបធៀបនឹងបណ្តាឆ្នាំមុនៗ។ ការប្រារព្ធខួប៦៥ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្នុងរយៈពេល៣ថ្ងៃនេះ នឹងប្រារព្ធធ្វើឡើង ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation