ព័ត៌មានអន្តរជាតិ

កងកម្លាំងដែលដឹកនាំដោយអាមេរិកចូលរួមល្បាតជាមួយកងកម្លាំងដែលដឹកនាំដោយអំបូរឃឺដ នៅតាមព្រំដែន ស៊ីរីនិងតួកគី

image

ស៊ីរី៖កងទ័ពចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការល្បាតរួមគ្នា ជាមួយកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលដឹកនាំដោយក្រុមអ្នកប្រយុទ្ធអំបូរឃឺដ នៅតាមបណ្តោយព្រំដែនប្រទេសស៊ីរីជាមួយប្រទេសទួរគីកាលពីថ្ងៃអាទិត្យ។

មន្ត្រីឃឺដជាន់ខ្ពស់មួយរូបបាននិយាយថា ក្រុមចម្រុះបានល្បាតនៅក្នុងទីក្រុងចំនួន៣ ដែលស្ថិតនៅតាមបណ្តោយព្រំដែនស៊ីរី និងតួកគី ដែលរួមមាន ទីក្រុង Ras al-Ayn, Tal Abiyad និងទីក្រុង Manbij។

នេះជាការចុះល្បាតរួមគ្នាលើកទីពីរហើយក្នុងសប្តាហ៍នេះ បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់ព្រំដែនខាងលើ ចាប់តាំងពីយោធាតួកគី បានបាញ់កាំភ្លើងប្លោងលើមូលដ្ឋានទព័ររបស់ពួកឃឺដ នៅភាគឦសានប្រទេសស៊ីរី។

ស្របគ្នានឹងភាពតានតឹងនាពេលថ្មីៗនេះ រដ្ឋាភិបាលតួកគីបាននិយាយថា កងទ័ពរបស់ខ្លួនពិតជាបានបាញ់កាំភ្លើងផ្លោងឆ្លងកាត់ ព្រំដែនស៊ីរីសំដៅទៅលើមូលដ្ឋានរបស់សកម្មប្រយុទ្ធឃឺដ ភាគខាងកើតទន្លេ Euphrates យ៉ាងហោចណាស់ ចំនួនពីរដងកាលពី សប្តាហ៍មុន ដែលតំបន់នេះក៏ជាមូលដ្ឋានរបស់កងកម្លាំងចម្រុះដែលដឹកនាំដោយអាមេរិក។

រដ្ឋាភិបាលតួកគី ចាត់ទុកកងជីវពលឃឺដ ជាឆ្អឹងខ្នងរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) បាននឹងកំពុងគំរាមកំហែងដល់ ខ្លួនប្រទេស ជាពិសេសការកើនឡើងនៃចំនួនអ្នកប្រយុទ្ធរបស់ឃឺដែលធ្វើការបះបោរនៅក្នុងប្រទេសតួកគីនោះ៕