អភិបាលរងខេត្តមណ្ឌលគិរី ណែនាំដល់ពលរដ្ឋ និងសិស្សានុសិស្សចូលរួមគោរពច្បាប់ចរាចរណ៍ជាពិសេសត្រូវពាក់មួកសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា មួកសុវត្ថិភាពមួយ អាចការពារអាយុជីវិតមនុស្សបានម្នាក់ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ដើម្បីចូលរួមចំណែកជួយសង្រ្គោះជីវិតមនុស្សនៅលើផ្លូវថ្នល់់។


ឯកឧត្តម ញ៉ន សិទ្ធ បានថ្លែងក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយសាគ្រោះថ្នាក់ចរាចរណ៍លើកទី១ នៅក្រុងសែនមនោរម្យ នាថ្ងៃអង្គារ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ការប្រារព្វទិវានេះឡើង ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងជាឱកាសជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយសាការធ្វេសប្រហែសក្នុងការបើកបរទោចក្រ យានយន្ត (ម៉ូតូ) មិនបានពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការដឹកលើសទម្ងន់កម្រិតកំណត់ ឬដឹកសំពីងសំពោង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន ធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្គមយ៉ាងធ្ងន់ធ្ងរ។


ជាមួយគ្នានេះ ឯកឧត្តម អភិបាលរងខេត្ត បានណែនាំដល់ពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ជាពិសេសអ្នកបើកបរ យានយាន្តគ្រប់ប្រភេទ ត្រូវស្វែងយល់ និងអនុវត្តឱ្យបានល្អ ក្នុងការធ្វើចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។

តាមការលើកឡើងរបស់លោក ម៉ឺន សុវណ្ណនី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឲ្យដឹងថា លទ្ធផលការងាររបស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តអនុវត្តសម្រេចបាន១០ខែ ដើមឆ្នាំ២០១៨ បានធ្វើការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផ្ដល់ជូនសម្ភារៈ សុវត្តិភាពចរាចរណ៍ផ្លូវគោក រួមមានខិត្តប័ណ្ណចំណាំងផ្លាត ផ្ទាំងរូបភាពសុវត្តិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ អ្នកបើកបរយានយន្ត នៅតាមទីសាធារណៈ សាលារៀន អង្គភាពស្ថាប័ននានា ព្រមទាំងចែកមួកសុវត្តិភាពនៅតាមបណ្ដាក្រុង/ស្រុកទាំង០៥ នៃខេត្តមណ្ឌលគិរី បានចំនួន ១២លើក។ លោក បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីកត្តាបីយ៉ាងគឺ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ ដោយឡែក ទិន្នន័យពីស្នងការដ្ឋាននគរបាលខេត្ត រយៈពេល១០ខែ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៧លើក ក្នុងនោះស្លាប់១៥នាក់ ស្រី០៣នាក់ របួសធ្ងន់៣៣នាក់ ស្រី០៧នាក់ របួសស្រាល១៧នាក់ ស្រី០៣នាក់៕ (អត្ថបទ នាង ចាន់ថា និងប៊ុត សុភ័ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation