ព័ត៌មានអន្តរជាតិ

សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗទំាងកំរិតតំបន់ និងក្រៅតំបន់សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នំា២០២២

image


-ដោយយោងតាមមន្រ្តីចារកម្មរបស់ប្រទេសអង់គ្លេសបានថ្លែងប្រាប់ដល់បណ្តាញផ្សព្វផ្សាយរបស់ខ្លួនថា កងកម្លំាងបំបែកខ្លួនដែលគំាទ្រដោយភាគីរុស្ស៊ី និងទាហានរុស្ស៊ីនៅក្នុងតំបន់ដូណេតក៍ ប្រទេសអ៊ុយក្រែនទទួលរងនូវការវាយប្រហារធ្ងន់ធ្ងរ បានធ្វើឱ្យបាត់បង់កម្លំាងស្នូលរហូតដល់ទៅ៥៥% គិតត្រឹមរាត្រីឈានចូលថ្ងៃព្រហស្បតិ៍នេះ។
-ដោយឡែកប្រព័ន្ធឃោសនារបស់ប្រទេសរុស្ស៊ីឯណោះវិញបានរាយការណ៍ឱ្យដឹងនៅថ្ងៃនេះដែរថា ប្រទេសរុស្ស៊ីបានដាក់ចេញនូវវិធានការណ៍សម្រាប់ការទូទាត់សាច់ប្រាក់សងត្រឡប់វិញជារូបិយបណ្ណរូប៊ល (rubles)របស់រុស្ស៊ី ចំពោះប្រទេសក្រៅដែលធ្លាប់ជំពាក់រុស្ស៊ីនោះ ។
-ក្រុមព្រឹទ្ធសមាជិកសហរដ្ឋអាម៉េរិកចាប់ផ្តើមបោះជំហានធ្វើសំណើរច្បាប់ស្តីពីការគ្រប់គ្រងអាវុធ ដើម្បីឆ្ពោះទៅរកការអនុម័តិច្បាប់នូវអ្វីដែលគេហៅជារឿងសំខាន់ ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋអាម៉េរិកដែលបានលើកឡើងមួយរយៈចុងក្រោយជុំវិញរឿងការបាញ់បោះទំាងកម្រោលនោះ។
-ងាកទៅមើលដំណឹងវិវត្តចុងក្រោយនៅក្នុងគ្រោះមហន្តរាយធម្មជាតិដោយសារតែការរញ្ជួយដីនៅប្រទេសអាហ្វហ្គានីស្ថានឯណោះវិញ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា តួលេខអ្នកស្លាប់បានកើនឡើងដល់ជាង១ពាន់នាក់ និងរងរបួសជិត២ពាន់នាក់ផ្សេងទៀត ខណៈដែលរបបគ្រប់គ្រងដោយតាលីបង់នៅក្នុងប្រទេសនេះបានធ្វើការអំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិជួយក្នុងគ្រាលំបាក។ ជនជាសាក្សីជាច្រើននាក់បានរៀបរាប់ប្រាប់ដល់បណ្តាញផ្សព្វផ្សាយអន្តរជាតិនៅព្រឹកនេះថា កំរិតនៃការរញ្ជួយបានលាតសន្ធឹងដល់ទីក្រុងអ៊ីស្លាមបាដ ប្រទេសប៉ាគីស្ថានឯណោះ លើរង្វង់រិចទ័រប្រមាណជា ៦.១។ រហូតមកទល់នឹងម៉ោងកំពុងតែផ្សាយនេះ គេនៅមិនទាន់ដឹងថា តើទំហំនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងការបាត់បង់ជីវិតមនុស្សកើនដល់កំរិតណានោះទេ?។
-ប្រទេសកូរ៉េខាងត្បូង ត្រូវគេរាយការណ៍ថា បានរកឃើញករណីជំងឺអុតស្វាជាលើកដំបូង ដែលតម្រូវឱ្យអាជ្ញាធរសុខាភិបាលរបស់ប្រទេសនេះបង្កើនការប្រុងប្រយ័ត្ននិងបង្កើតក្រុមការងារតាមដាននូវអ្វីដែលគេចាត់ទុកថា វាជាប្រភេទជំងឺឆ្លងមួយ។
-បើផ្អែកតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ីបាននិយាយថា ក្នុងឋានៈជាប្រធាននៃកិច្ចប្រជុំជី-២០(G-20)លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវីដូដូ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងគីវប្រទេសអ៊ុយក្រែន និងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នៅចុងខែនេះ។
-ចំណែកឯក្រុមប្រមុខដឹកនំាលើវិស័យការពារជាតិ នៅក្នុងតំបន់អាស៊ានឯណេះវិញ បានអះអាងនិងធ្វើការប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការថ្នាក់តំបន់បន្ថែមទៀត។ នេះបើតាមក្រសួងការពារជាតិសិង្ហបុរីបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធ។
-តាមប្រភពសិ្នទ្ធនឹងករណីរបស់លោកស្រីអ៊ុងសានស៊ូជីបានប្រាប់ដល់បណ្តាញផ្សព្វផ្សាយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មេដឹកនំាយោធាមីយ៉ាន់ម៉ាមិនបានពន្យល់លំអិតអំពីនីតិវិធីទំាងឡាយដោយមានការផ្លាស់ប្តូរទៅលើការធ្វើសវនាការចេញពីពន្ធនាគារ មកសាលសវនាការតែម្តង មានន័យថា ដំណើរការកាត់ក្តីនៅនឹងកន្លែងពន្ធនាគារតែម្តង ដោយមិនចំបាច់នំាខ្លួនជនសង្ស័យមកសាលាវិនិច្ឆ័យឡើយ។ លោកស្រីអ៊ុងសានស៊ូជីឈានចូលដល់អាយុ៧៧ឆ្នំាហើយ ត្រូវបានរបបសឹកចោទប្រកាន់បទឧក្រិដ្ឋចំនួន២០ករណីចាប់តំាងពីគេទម្លាក់លោកស្រីចេញអំណាចដោយចុងកាណុងកាលពីឆ្នំាមុននោះមក ។ ក្នុងបទចោទប្រកាន់ទំាងអស់នោះរួមមានករណីអំពើពុករលួយមួយគំនរផងដែរ។
-ដោយឡែកនៅឯទីក្រុងហុងកុងឯណោះវិញម្តង តាមបណ្តាញផ្សព្វផ្សយរបស់ចិនបានលើកឡើងថា លំនៅដ្ឋានប្រមាណជា២ម៉ឺនខ្នងផ្ទះ អ្នកស្រុកហុងកុងប្រឈមទៅនឹងការដាច់ចរន្តអគ្គិសនីប្រើប្រាស់ពេល២ថ្ងៃ ដោយសារតែអគ្គិភ័យបានឆាបឆេះលើស្ពានខ្សែកាបដើរដោយថាមពលអគ្គិសនីនោះរួចមក។
-ទីភ្នាក់ងារអង្គការណាសា របស់សហរដ្ឋអាម៉េរិកបានឱ្យដឹងថា ខ្លួនប្រាថ្នាចង់ផ្តល់នូវមូលនិធិលើគម្រោងឱ្យមានប្រព័ន្ធថាមពលដើរដោយម៉ាស៊ីនរ៉េអាក់ទ័រនៅលើភពព្រះចន្ទ នៅដំណាច់ទសវត្សរ៍នេះ។ ការរៀបចំគម្រោងនេះសោតទៀត ដោយមានកិច្ចសហការជាដៃគូ ពីក្រសួងថាមពល និងពីស្ថាប័នឧស្សាហកម្មវិស័យយោធាអាម៉េរិកឈ្មោះឡកហីដ ម៉ារទីន(Lockheed Martin) ដែលសុទ្ធសឹងតែជាស្ថាប័នជើងចាស់ធ្វើការងារលើវិស័យនុយក្លេអ៊ែរ៕
ប្រែសម្រួលសង្ខេបន័យ៖ ប្រាក់ សម្ជស្ស
ប្រភព៖ BBC/RT/Reuters/AFP/CNA/ AGENCIES