សង្គម

មន្រ្តីជំនាញ ចាប់រថយន្តដឹកលើសទម្ងន់កម្រិតបានប្រមាណ២០០គ្រឿង

image


ភ្នំពេញ៖ មកទល់ពេលនេះ មន្រ្តីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់រថយន្តដឹកលើសទម្ងន់បានប្រមាណ២០០គ្រឿង ខណៈរដ្ឋមន្រ្តី បានព្រមានជាថ្មីថា នឹងគ្មានការលើកលែងទៀតឡើយ ហើយក៏គ្មានការយោគយល់ដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសចុះពិនិត្យយគម្រោងជួសជុល ផ្លូវជាតិលេខ៤ និងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ថា មកទល់ពេលនេះ មន្រ្តីជំនាញចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិត បានប្រមាណ២០០គ្រឿង និងឃាត់ទុករយៈពេល១ឆ្នាំ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការចាប់រថយន្តដឹកទំនិញលើសទម្ងន់កម្រិត ត្រូវបានធ្វើឡើងតាមគោលការណ៍ច្បាប់ដោយស្មើភាពគ្នា ហើយលោកក៏ពុំមានសិទ្ឋិដោះលែងតាមសំណូមពររបស់បណ្តាក្រុមហ៊ុនណាមួយនោះដែរ។

លោក ស៊ុន ចាន់ថុល បានបញ្ចាក់ថា ទោះមានអ្នកអន្តរាគមន៍សុំដោះលែងក៏ដោយ ក៏ក្រសួងពុំអាចធ្វើតាមសំណូមពរបានដែរ ខណៈកិច្ចការទាំងអស់ធ្វើឡើងតាមច្បាប់កំណត់។

សូមរំលឹកដែរថា កាលពីឆ្នាំ២០២១កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់រថយន្ត ផ្ទុកលើសទម្ងន់កម្រិតកំណត់ចំនួន ២២៩គ្រឿង និងរក្សាទុករយៈពេល១ឆ្នាំ ប៉ុន្តែត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកលែងបន្ធូរបន្ថយ ដើម្បីផ្ដល់ឱកាសដល់ម្ចាស់រថយន្តទាំងនោះ ឱ្យចូលរួមគោរពប្រតិបត្តិ និងអនុវត្តតាម បទប្បញ្ញត្តិច្បាប់ឱ្យម៉ឺងម៉ាត់ និងត្រឹមត្រូវទាំងអស់គ្នា៕