សង្គម

ពិព័រណ៍ការងាររយៈពេល២ថ្ងៃ ផ្តល់ឱកាសការងារជាង ៣ពាន់កន្លែងដល់យុវជន យុវនារី

image


ភ្នំពេញ៖ ពិព័រណ៍ការងារដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង ចូលរួមគាំទ្រដោយអង្គការអន្ដរជាតិខាងការងារ (ILO) រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ ដល់ ទី២៤ ខែមិថុនា បានចាប់ផ្តើមហើយនៅថ្ងៃនេះចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាចក្នុងទីតាំងអគារ KAMPUS។

លោក ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារថ្ងៃនេះត្រូវបានធ្វើឡើងចំពេលវេលា ប្រកបដោយភាពបត់បែនប្រទាក់ក្រឡា និងស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាអន្តរការី នៃសេវាការងារ សំដៅជួយជំរុញដំណើរការ និងសម្របសម្រួលដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុង ទីផ្សារការងារឱ្យទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមាពីការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាល។ លោកថាចំពោះគោលបំណងសំខាន់បំផុតនៃពិព័រណ៍ការងារ គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស។

លោក ហៃ ហ៊ុនឡេង បញ្ជាក់ថា ព្រឹត្តិការណ៍នេះបានរិះរកវិធីកាន់តែមានប្រសិទ្ធភាពស្របតាមតម្រូវការរបស់និយោជក និងអ្នកស្វែងរកការងារ ដើម្បីបង្កើតនូវបរិយាកាសប្រកបដោយភាពសកម្ម និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ។

គួរបញ្ជាក់ថា ពិព័រណ៍រយៈពេលពីរថ្ងៃនេះ មានក្រុមហ៊ុន សហគ្រាសធំៗចំនួន ២២ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៣.០០០កន្លែង និងរំពឹងថានឹងមានយុវជនរាប់ពាន់នាក់ចូលរួមទស្សនា និងដាក់ពាក្យ
ស្វែងរកការងារធ្វើ៕

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ