ក្រសួងកិច្ចការនារី និងអង្គការមូលនិធិអាស៊ី ព្រមព្រៀងធ្វើការរួមគ្នា លើបញ្ហាសំខាន់ៗចំនួន៣ចំណុច
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ​ក្រសួងកិច្ចការនារី និងអង្គការមូលនិធិអាស៊ី (Asia Fundation) បានព្រមព្រៀង ក្នុងការធ្វើការរួមគ្នា ទៅលើបញ្ហាសំខាន់ៗ ចំនួនចំណុច​៣ ក្នុងន័យដើម្បីលើកកម្ពស់សិទ្ធ និងសេដ្ឋកិច្ចរបស់ស្ត្រី នៅក្នុងប្រទេសកម្ពុជា។ ចំណុចទាំង៣នោះគឺ​ទី១.ប្រព័ន្ធទំនាក់ទំនងសង្គម, ​ទី២.ស្ត្រីនិងសេដ្ឋកិច្ច និងចំណុចទី៣.គឺស្ត្រីនិងបរិស្ថាន។


ការព្រមព្រៀងគ្នានេះ បានធ្វើឡើង ក្នុងឱកាសដែល លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឲ្យអ្នកស្រី ជេន ស្ល៊ន​ (Jane Sloane) នាយកនៃកម្មវិធី Women Empowerment Program នៃអង្គការមូលនិធិអាស៊ី​ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ដើម្បីពិភាក្សាស្វែងយល់ ពីស្ថានភាពស្ត្រីនៅកម្ពុជា ពិសេសស្ត្រីនិងវិស័យធុរកិច្ច ដែលវិស័យនេះ ពិតជាមានសារៈសំខាន់ សម្រាប់ស្ថាប័នទាំងពីរ នៅថ្ងៃអនាគត។


រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងជំនួបនេះ បានមានប្រសាសន៍ ប្រាប់ទៅកាន់ភ្ញៀវថា ឈានចូលមកដល់អាណត្តិទី៦នេះ ក្រសួងកិច្ចការនារី នៅតែបន្តធ្វើការងារ ពាក់ព័ន្ធនឹងស្ត្រីនិងបរិស្ថាន, ស្រ្តីនិងការអប់រំ, ស្ត្រីនិងសុខភាព, ស្ត្រីនិងកិច្ចការពារផ្លូវច្បាប់, ស្ត្រីនៅក្នុងភាពជាអ្នកដឹកនាំ ឬក៏អភិបាលកិច្ចល្អ ហើយក៏ធ្វើការពង្រឹងផងដែរ ពាក់ព័ន្ធនឹងស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។


លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានជម្រាបជូនផងដែរ ចំពោះកិច្ចការរបស់ក្រសួង ក្នុងការពង្រឹងសមត្ថភាពរបស់ស្ត្រី ក្នុងសហគ្រិនភាព ហើយដោយសារសម័យនេះ គឺជាសម័យបច្ចេកវិទ្យា ដូច្នេះក្រសួងកិច្ចការនារី ក៏បានបោះជំហានរួចទៅហើយ ធ្វើយ៉ាងណាឲ្យស្ត្រីជាសហគ្រិន ភ្ជាប់ខ្លួនរបស់គាត់ ទៅនឹងបច្ចេកវិទ្យា និងការទំនាក់ទំនង។ លោកជំទាវ បានលើកឡើងដែរថា ក្រសួងកិច្ចការនារី ក៏បានគាំទ្រតួនាទីស្ត្រី នៅក្នុងកិច្ចការបរិស្ថានផងដែរ ក្នុងការកាត់បន្ថយ បញ្ហាអាកាសធាតុ និងបន្សុំា តាមរយៈការអប់រំ។ លោកជំទាវ រដ្ឋមន្ត្រី បានលើកឡើងថា កិច្ចការទាំងអស់នេះ គឺត្រូវការដៃគូ រវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិល ដោយមិនអាចក្រសួងណាមួយ ធ្វើតែឯកឯងបានឡើយ។


លោកជំទាវ បានប្រាប់ទៅកាន់ក្រុមភ្ញៀវដែរថា នៅតាមទីជនបទ ក្រសួងកិច្ចការនារី បានរៀបចំនូវមជ្ឈមណ្ឌល One Stop Service Center ដែលជាមជ្ឈមណ្ឌលផ្តល់សេវាកម្មភ្លាមៗ ចំពោះស្ត្រីដែលរងគ្រោះ ដោយការរំលោភបំពានផ្លូវភេទ និងអំពើហិង្សា និងបញ្ហាផ្សេងៗទៀត។ ដោយមជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតសាកល្បងមួយរួចហើយ នៅក្នុងខេត្តកំពង់ធំ ហើយជាការវាយតម្លៃសម្រាប់មជ្ឈមណ្ឌលនេះ គឺល្អ ហើយនឹងមានគម្រោង បង្កើតមជ្ឈមណ្ឌលនេះ មួយបន្ថែមទៀត នៅក្នុងខេត្តសៀមរាប។​


បន្ទាប់ពីបានស្តាប់នូវការលើកឡើង របស់លោកជំទាវ អ៊ឹង កន្ថាផាវី, អ្នកស្រី ជេន ស្ល៊ន បានថ្លែងអំណរគុណ ចំពោះលោកជំទាវរដ្ឋមន្ត្រី កិច្ចការនារី ដែលបានថ្លែងប្រាប់ពីស្ថានភាពស្ត្រី និងកិច្ចការរបស់ក្រសួងកិច្ចការនារី ដែលបាននឹងកំពុងធ្វើ។ អ្នកស្រី បានកោតសរសើ ពីភាពរីកចម្រើនរបស់ស្ត្រី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ ដោយលោកជំទាវរដ្ឋមន្ត្រី៕( អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation