សត្វគោ១២៨ក្បាល ត្រូវបានចែកជូនប្រជាកសិករចំនួន៦៤គ្រួសារនៅក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច សម្រាប់យកទៅចិញ្ចឹម
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ សត្វគោ១២៨ក្បាលត្រូវបានចែកជូនដល់ប្រជាកសិករក្រីក្រចំនួន៦៤គ្រួសារ រស់នៅក្នុងភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច សម្រាប់យកទៅចិញ្ចឹម ។

សត្វគោចំនួន១២៨ក្បាលនេះឧបត្ថម្ភដោយអង្គ Muslim Aid និង ចែកជូនដោយផ្ទាល់ដៃពីឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកខៃ រ៉ូលហាហ្វីស នាយកអង្គការ Muslim Aid កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោកខៃ រ៉ូលហាហ្វីស នាយកអង្កការ Muslim Aid បានអោយដឹងថា គម្រោងរបស់អង្គការ Muslim Aid នៅកម្ពុជា បានចាប់ដំណើរសកម្មភាពរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៧មកម៉្លេះ ។ ដោយឡែកចំពោះគម្រោងកម្មវិធីចែកគោនាថ្ងៃនេះ គឺជាគម្រោងកម្មវិធីថ្មី ដែលមានរយៈពេល៣ឆ្នាំ គឺ២០១៨-២០២១ និង​ត្រូវអនុវត្តក្នុងភូមិចំនួន៣០ ក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលមានកសិករក្រីក្រចំនួន ៦០៥ គ្រួសារ​ នឹងទទួលផលពីគម្រោងដោយត្រង់ និងដោយប្រយោលប្រមាណ ៤៩១៥០ គ្រួសារ ។

លោកបានអោយដឹងទៀតថា ការចែកគោជូនប្រជាពលរដ្ឋថ្ងៃនេះគឺជាកម្មវិធីទី២ មានគោចំនួន១២៨ ក្បាល ចែកជូនប្រជាពលរដ្ឋចំនួន៦៤គ្រួសារ ដោយគ្រួសារនីមួយៗទទួលបានគោពីរក្បាល គឺញីមួយក្បាល និង ឈ្មោលមួយក្បាល សម្រាប់យកទៅចិញ្ចឹម។ មុននឹងចែកជូន
អង្គការនេះបានធ្វើការបណ្តុះបណ្តាលបច្ចេកទេសជាមូលដ្ឋានដល់ប្រជាកសិករដើម្បីធានាថាពួកគាត់ចេះមើលថែរក្សាសត្វបានល្អទាំងការផ្តល់ចំណី ការការពារ និង ព្យាបាលជំងឺ។

ឯកឧត្តមវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ នៅក្នុងឱកាសនោះ បានថ្លែងអំណរគុណ និងវាយតម្លៃយខ្ពស់ចំពោះអង្គការ Muslim Aid ដែលបានផ្តល់ពូជគោដល់ប្រជា
កសិករក្រីក្រ និង បានស្នើសុំអោយអង្គការនេះ ពិនិត្យលទ្ធភាពពង្រីកកម្មវិធីគម្រោងរបស់ខ្លួនឲ្យបានច្រើនបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការផ្តាំផ្ញើដល់ប្រជាកសិករ ដែលទទួលបានសត្វគោសម្រាប់យកទៅចិញ្ចឹមនាពេលនេះ ត្រូវយកចិត្តទុកដាក់មើលថែអោយបានល្អដើម្បីជាប្រយោជន៍ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានស្នើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំងឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយផ្តល់សេវាបច្ចេកទេស លើការថែទាំសុខភាពសត្វ និង ការបង្កាត់ពូជដល់ប្រជាកសិករ អោយបានជាប់ជាប្រចាំ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation