លោក Mike Pompeo៖ អាមេរិកសូមចែករំលែកក្តីសង្ឃឹម សម្រាប់ការអភិវឌ្ឍកម្ពុជា ឆ្ពោះទៅរកសង្គមដែលមានសេរីភាព វិបុលភាព ប្រជាធិបតេយ្យ និងយុត្តិធម៌
(ភ្នំពេញ)៖ លោក Mike Pompeoរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានផ្ញើសារអបអរសាទរមកកាន់ប្រជាជនកម្ពុជា នៅខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា០៩ ខែវិច្ឆិកា។
តាមគេហទំព័រ ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពីថ្ងៃទី៧វិច្ឆិកា លោក Mike Pompeo លើកឡើងថា អាមេរិកសូមចែករំលែកក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាឆ្ពោះទៅរកសង្គមដែលមានសេរីភាព វិបុលភាព ប្រជាធិបតេយ្យ និងយុត្តិធម៌។
នៅក្នុងសារដដែលនោះ លោកបន្តថា ចំពោះទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជនអាមេរិក និង កម្ពុជា បានផ្តល់ប្រយោជន៍ដល់ប្រទេសទាំង២។ ជារៀងរាល់ឆ្នាំភ្ញៀវទេសចរអាមេរិក ប្រមាណជាង ១៧០,០០០នាក់ បានឃើញនូវទិដ្ឋភាពដ៏ស្រស់បំព្រង និង ស្វែងយល់ពីប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាផ្តល់ជូន ខណៈដែលពួកយើងនៅសហរដ្ឋអាមេរិក សប្បាយរីករាយនឹងការរួមចំណែករបស់សហគមន៍ ខ្មែរអាមេរិកាំងក្នុងការធ្វើឲ្យសង្គមរបស់យើងមានភាពចម្រុះ និងសំបូរបែប៕