ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះ សម្រេចមិនផ្តល់សម្បទានដីសង្គមកិច្ច ជូនពលរដ្ឋ៩៨គ្រួសារ នៅឃុំ២ធ្នូ

image

អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន ជូនដំណឹងថា រដ្ឋបាលខេត្តមិនផ្តល់សម្បទានដីសង្គមកិច្ច ជូនពលរដ្ឋ៩៨គ្រួសារ នៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលប្តឹងទាមទារដី ក្រុមហ៊ុនចំការកៅស៊ូមេមត់នោះទេ ដោយបញ្ជាក់ថាគ្រួសារទាំងនោះ បានទទួលដីរួចទៅហើយ។

លិខិតបញ្ជាក់ថា ពលរដ្ឋ៩៨គ្រួសារ ដែលមានឈ្មោះក្នុងបញ្ជី១៦៣៨គ្រួសារ ប្តឹងតវ៉ាទាមទារដីក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នូល ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តល់ដីជូនស្របតាមនីតិវិធីសម្បទានសង្គមកិច្ច (គ្រួសារក្រីក្រគ្មានដី ឬខ្វះដីសម្រាប់សាងសង់លំនៅស្ថាន និងបង្កបង្កើនផលជាលក្ខណៈគ្រួសារ)។

តាមការពិនិត្យទិន្នន័យវាស់វែង ចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋតាមបទបញ្ជាលេខ ០១បប ក្នុងដែនសមត្ថកិច្ចខេត្តក្រចេះ រកឃើញថា ប្រជាពលរដ្ឋចំនួន៩៨គ្រួសារ បានទទួលដីនៅក្នុងខេត្តក្រចេះរួចហើយ ដែលគ្រួសារនីមួយៗ មានទំហំដីលើសពី០២ហិកតា។ ក្នុងករណីនេះ អាជ្ញាធរខេត្តក្រចេះ មិនផ្តល់សម្បទានដីសង្គមកិច្ច ជូនពលរដ្ឋទាំង៩៨គ្រួសារនេះទៀតទេ ដូចមានមានបង្ហាញឈ្មោះ ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះស្រាប់៕