ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ចាត់ទុកការកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅតាមទីវត្តអារាម ពិតជាមានសារៈសំខាន់ ក្នុងការបម្រើដល់ព្រះសង្ឃ និងប្រជាជន ទុកសម្រាប់គោរពប្រតិបត្តិ តាមបែបសាសនា
| ព័ត៌មានជាតិ
SHARE

តាកែវ ៖ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាអនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះបឋមសិលា កសាងដងទង់ និងជួសជុលព្រះវិហារ វត្តមង្គលសិលា ហៅវត្តអង្គគោល ស្ថិតនៅឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។


ឯកឧត្តម ហ៊ឺ បាវី នៅក្នុងឱកាសនោះ បានបង្ហាញការរីករាយ​ ដែលបានចូលរួមចំណែក ជាមួយនឹងព្រះសង្ឃ ក្នុងការកសាង សមិទ្ធផលថ្មីៗបន្ថែមទៀត នៅក្នុងវត្ត ​ក្នុងការទុកបម្រើ ជូនប្រជាពលរដ្ឋ។ ឯកឧត្តម មានប្រសាសន៍បន្តថា សមិទ្ធផលថ្មីបន្ថែមទៀតនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការទុកបម្រើដល់តម្រូវការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងការគោរពប្រតិបត្តិ តាមបែបព្រះពុទ្ធសាសនា។


ឯកឧត្តម ហ៊ឺ បាវី បានបន្ថែមទៀតថា សមិទ្ធផលថ្មី ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នៅពេលខាងមុខនេះ នឹងមិនត្រឹមតែទុក សម្រាប់បម្រើដល់ប្រជាពលរដ្ឋ និងលើកសម្រស់ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងវត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង លើកកម្ពស់ និងសម្រស់ ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តតាកែវផងដែរ។


ព្រមជាមួយគ្នានោះ ព្រះសង្ឃ និងអាចារ្យវត្ត ក៏បានបង្ហាញពីការពេញចិត្ត ចំពោះសមិទ្ធផលថ្មីទាំងនេះផងដែរ។ ដោយបានចាត់ទុកថា នឹងជួយបំពេញបន្ថែម នូវអ្វីដែលជាតម្រូវការរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅក្នុងវិស័យព្រះពុទ្ធសាសនា។
 
សូមជម្រាបជូនដែរថា ពិធីបញ្ចុះបឋមសិលានាពេលនេះ មានគោលបំណងសំខាន់ ទី១.ជួសជុលព្រះវិហារឡើងវិញ ដែលត្រូវចំណាយថវិកា ជាង១០ម៉ឺនដុល្លារអាមេរិក ដែលផ្តួចផ្តើមកសាង និងជួសជុល ដោយព្រះតេជគុណ ព្រះគ្រូពោធិសម្បទាចារ្យ កេង សុផល គង់នៅវត្តចំពុះក្អែក។ និងទី២.កសាងដងទង់ចំនួន២ នៅខាងក្រោយព្រះវិហារ ជំនួសដងទង់ចាស់ ដែលមានស្ថានភាពទ្រុឌទ្រោម ដែលចំណាយថវិកា អស់ជិត១ម៉ឺន៧ពាន់ដុល្លារអាមេរិក ដែលថវិការទាំងនេះ បានមកពីបុណ្យកឋិនទាន ដែលដង្ហែរចូលវត្ត កាលពីពេលថ្មីៗនេះ ព្រមទាំងថវិកា ពីសំណាក់សប្បុរសជននានា៕(អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation